ឯកឧត្តម ប៉េង ពោធិ៍នា ដាក់ចេញជាសំណូមពរចំនួន ០៦ចំណុច ទៅកាន់សមាជិក សមាជិកាទាំងអស់ ដើម្បីគណបក្សក្រសួងមានភាពរឹងមាំ មានមន្រ្តីគណបក្សដែលមានសក្តានុពល និងរួមចំណែកកសាងគណបក្ស
ភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី២៣ មីនា ឆ្នាំ២០២៤ គណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (យ.គ.ក) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីគណបក្ស ដើម្បីនិរន្តភាពនៃការដឹកនាំបន្តវេនរបស់គណបក្ស” ជូនដល់សិក្ខាកាម ជាសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន សរុប ២៤៥រូប។
វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ឯកឧត្តម យស ផានីត្ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកបណ្តុះបណ្តាល យ.គ.ក និងឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានផ្នែកបណ្តុះបណ្តាល យ.គ.ក និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលដែលមានរយៈពេលមួយថ្ងៃពេញនេះ មានបទឧទ្ទេសនាមប្រកបដោយអត្ថន័យខ្លឹមសារ ចំនួន ០៣រួមមាន៖
១).ប្រវត្តិ ស្នាដៃ និងមេរៀនជាប្រវត្តិសាស្ត្ររបស់គណបក្ស ដោយ ឯកឧត្តម នួន ផារ័ត្ន
២).ការកសាងអត្តចរិកល្អប្រពៃរបស់មន្ត្រីគណបក្ស ដោយលោក ឡាយ សុបញ្ញា អនុប្រធានក្រុមស្រាវជ្រាវផ្នែកបណ្ដុះបណ្ដាល យ.គ.ក
៣).របៀបរបបការងារ និងខ្សែរយៈចាត់តាំងរបស់យុវជនគណបក្សថ្នាក់កណ្តាល ដោយ លោក គឹម សុធា អនុប្រធានក្រុមស្រាវជ្រាវផ្នែកបណ្ដុះបណ្ដាល យ.គ.ក។
ក្នុងពិធីបើកវគ្គបណ្តុះ លោកជំទាវ មឹន មាណវី សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា អនុប្រធានគណៈកម្មាធិការគណបក្សក្រសួង បានថ្លែងនូវមតិស្វាគមន៍ សំណេះសំណាល និងបានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ខិតខំត្រងត្រាប់ក្រេបយកចំណេះជាពុទ្ធិ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងនាមជាអ្នកបន្តវេនរបស់គណបក្ស។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម ផែង សុវិជ្ជានោ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សក្រសួង បានធ្វើរបាយការណ៍សង្ខេបអំពីវគ្គបណ្តុះបណ្តាលជូន ឯកឧត្តម ប្រធានគណៈកម្មាធិការគណបក្សក្រសួង និងអង្គពីធី ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់គ្រូឧទ្ទេស និងក្រុមការងាររៀបចំកម្មវិធី។
នាឱកាសនោះ ឯកឧត្តម យស ផានីត្ដា ក្នុងនាមជាប្រធានផ្នែកបណ្តុះបណ្តាល យ.គ.ក ដែលបានសហការដឹកនាំរៀបចំកម្មវិធីបណ្តុះបណ្តាលនេះ បានធ្វើការកត់សម្គាល់ពីការយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ ទៅលើប្រធានបទខាងលើ និងការចូលរួមយ៉ាងផុលផុសរបស់សិក្ខាកាម ក្នុងការលើកជាសំណួរ និងចូលរួមជាមតិយោបល់របស់ខ្លួនផងដែរ។
នៅក្នុងមតិបូកសរុបបិទកម្មវិធី ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការវាយតម្លៃខ្ពស់លើកការសហការរៀបវគ្គបណ្តុះបណ្តាល រវាងគណៈកម្មធិការគណបក្សក្រសួង និងផ្នែកបណ្តុះបណ្តាល យ.គ.ក។
ឯកឧត្តមប្រធាន ក៏បានគូសបញ្ជាក់ថាមន្ត្រីគណបក្ស គឺជាកម្លាំងស្នូលក្នុងការអនុវត្តកិច្ចការនយោបាយគណបក្ស ក៏ដូចជាក្នុងការងារកសាងគណបក្សក្នុងដំណាក់កាលនីមួយៗ។ ឯកឧត្តមបានបន្ថែមថា មានមន្ត្រីគណបក្សល្អ ទើបគណបក្សខ្លាំង អង្គការចាត់តាំងគណបក្សរឹងមាំ គណបក្សកាន់តែមានសុក្រឹតភាព ធានាការអនុវត្តកម្មវិធីនយោបាយគណបក្សបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ប្រជាពលរដ្ឋមានជំនឿលើការដឹកនាំរបស់គណបក្ស និងរក្សាបានប្រៀប ឈ្នះគ្រប់ការបោះឆ្នោត ហើយធានានិរន្តរភាពនៃភាពជាអ្នកដឹកនាំរបស់គណបក្សលើមាគ៌ានយោបាយ សន្តិភាព និងការអភិវឌ្ឍ ទាំងមូលដ្ឋានស្មារតី និងសម្ភារ។
ដើម្បីគណបក្សក្រសួងមានភាពរឹងមាំ មានមន្រ្តីគណបក្សដែលមានសក្តានុពល និងរួមចំណែកកសាងគណបក្ស ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួង បានដាក់ចេញជាសំណូមពរចំនួន ០៦ចំណុច ទៅកាន់សមាជិក សមាជិកាទាំងអស់ រួមមានដូចខាងក្រោម៖
១.ក្នុងនាមសមាជិកគណបក្ស ទោះស្ថិតក្នុងកម្រិតណាក៏ដោយ ត្រូវយល់ដឹងពីភារកិច្ច របស់ខ្លួន ដែលក្នុងនោះត្រូវខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ត្រូវថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់ ជានិច្ចកាលជួយមតិគ្នាទៅវិញទៅមក និងកសាងទំនាក់ទំនងល្អជាមួយប្រជាជន ដើម្បីការរីកចម្រើន។
២.ក្នុងនាមជាអ្នកបន្តវេន សូមចូលរួមថែរក្សាឱ្យបាននូវសមិទ្ធផលជាវិជ្ជមានដែលយុវជនរៀមច្បងបានកសាងឡើង និងបន្សល់ទុកឱ្យ និងពង្រីកសមិទ្ធផលជាវិជ្ជមានបន្ថែមទៀតឱ្យកាន់តែប្រសើរ ព្រមទាំងរួមគ្នាកសាងមូលដ្ឋានឱ្យបានរឹងមាំដើម្បីផ្ទេរឱ្យយុវជនជំនាន់ក្រោយៗទៀត។
៣.
យើងម្នាក់ៗត្រូវមានលក្ខណៈសម្បត្តិល្អប្រពៃ ដែលសំដៅលើសមត្ថភាព សីលធម៌ ប្រជាប្រិយភាព និងសុខភាពល្អ មានឆន្ទៈគាំទ្រអនុវត្តគ្រប់ភារកិច្ច និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស និងចលនាញាតិមិត្ត បងប្អូន និងសាច់ញាតិ ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។
៤.ត្រូវបន្តអប់រំការងារនយោបាយសតិអារម្មណ៍ជាប្រចាំ ដល់សមាជិក សមាជិកាគណបក្ស និងរៀនសូត្រនូវបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព ព្រមទាំងខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។
៥.ខិតខំកសាង និងពង្រឹងគណបក្សលើវិស័យហិរញ្ញវត្ថុ ដោយគាំទ្រ និងចូលរួមការកៀរគរមធ្យោបាយ សម្ភារ ថវិកាពីប្រភពស្របច្បាប់នានា ដើម្បីបម្រើសកម្មភាពនយោបាយរបស់គណបក្ស។
៦.ចូលរួមការងារមូលដ្ឋានតាមការចាត់តាំង ចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីអនុវត្តកម្មវិធីនយោបាយគណបក្ស ផ្សារភ្ជាប់ជាមួយប្រជាជន និងត្រូវរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការអនុវត្ត កម្មវិធីនយោបាយសម្រាប់ការកសាងនិងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨។
នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួង បានផ្តល់កិត្តិយស ចែកជូន វិញ្ញាបនបត្របញ្ជាក់ការចូលរួមបណ្តុះបណ្តាល ស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីគណបក្ស ដើម្បីនិរន្តភាពនៃការដឹកនាំបន្តវេនរបស់គណបក្ស” ដល់សិក្ខាកាមដែលបានចូលរួម ៕