ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមបិទវគ្គការប្រគួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ UME-BMC club ឆ្នាំ២០២៣-២០២៤
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមបិទវគ្គការប្រគួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ UME-BMC club ក្នុងឆ្នាំសិក្សាឆ្នាំ២០២៣-២០២៤ ដែលប្រារព្វធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកគ្រូសាស្ត្រាចារ្យ សិស្សានុសិស្ស ជាច្រើន នៅតារាងវាលស្មៅធម្មជាតិវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដែលស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សម្រាប់ការប្រកួតដណ្តើមពានរង្វាន់នេះ មានគូប្រកូតទាំងអស់ ៨ក្រុម គឺ៖ ១-ក្រុមក្លឹបបាយ័ន FC, ២-ក្រុមក្លឹបហង្សរាជ FC, ៣-ក្រុមក្លឹបអធិរាជវាលស្មៅ, ៤-ក្រុមក្លឹបស្តេចនាគ, ៥-ក្រុមក្លឹបឥន្ត្រីដេក, ៦-ក្រុមក្លឹបSuper start, ៧-ក្រុមក្លឹបHeroes united និង៨-ក្រុមក្លឹប រាជសីហ៍ FC ចំពោះក្រុមទទួលបានពានរង្វាន់លេខ១ គឺ ក្រុមក្លឹបបាយ័ន FC ដែលប្រកួតវគ្គផ្តាត់ព្រាត់ជាមួយ ក្រុមក្លឹបហង្សរាជ FC ស៊ុតបញ្ជូលទីបាន ៥គ្រាប់ទល់និង០។
ការប្រកួតដណ្តើមពានរង្វាន់នេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់វិស័យកីឡា និងដឹកនាំយុវជនឱ្យជៀសផុតពីការប្រើប្រាស់គ្រឿងញៀនជាពិសេសជំរុញឱ្យមានសាមគ្គីភាព សុខភាព និងមិត្តភាព។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានឧបត្ថម្ភថវិកាដល់ក្រុមកីឡាបាល់ទាត់ទាំង៨ក្រុម ក្នុងមួយក្រុមទទួលបានថវិកា ១០០ដុល្លារ(មួយរយដុល្លារ) សរុបចំនួន ៨០០ដុល្លារ (ប្រាំបីរយដុល្លារ) ផងដែរ ៕