រួបរួមគ្នាដើម្បីអនាគតដ៏បៃតង៖ ទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៤ លើកកម្ពស់ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ
ភ្នំពេញ៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ WWF សហការគាំទ្រដោយអង្គការដៃគូ និងវិស័យឯកជនជាច្រើន បានរៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដី ដើម្បីជានិមិត្តរូបនៃក្តីសង្ឃឹម ដែលជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងនិរន្តរភាពនៅកម្ពុជា។
កម្មវិធីនេះ មានការចូលរួមពីឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងអង្គការដៃគូពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនផងដែរ។
ទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៤ បរិយាយពីសារៈសំខាន់ និងទំនាក់ទំនងអំពីសុខដុមរមនារវាងមនុស្ស អាហារ និរន្តរភាព និងធម្មជាតិសម្រាប់ផែនដីយើង។ ចលនាបរិស្ថានពិភពលោកនេះ កំពុងជំរុញឱ្យមានសកម្មភាពវិជ្ជមាននៅទូទាំងប្រទេសកម្ពុជា និងលើសពីនេះ ដោយអំពាវនាវឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់។
ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សហគមន៍ យុវជន និងប្រជាជនទាំងអស់សុទ្ធតែមានតួនាទីរៀងៗខ្លួនក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើននូវភាពសុខដុមរមនានៅក្នុងផ្ទះរួមរបស់យើង គឺជាផែនដីមួយនេះ។ ទាំងអស់គ្នាដើម្បីភាពសុខដុមរមនារវាងមនុស្ស អាហារ និរន្តរភាព និងធម្មជាតិ សម្រាប់ភពផែនដីយើងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន សំដៅធានាកំណើនសេដ្ឋកិច្ចបៃតង និងនិរន្តរភាពបរិស្ថានឆ្ពោះទៅការកសាងឲ្យបាននូវអនាគតមួយដែលមនុស្ស និងធម្មជាតិរួមរស់នៅជាមួយគ្នាដោយសុខដុមជានិរន្តរ៍ ៕