ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ជាសក្ខីកម្មបង្ហាញអំពីសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះ និងចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាសសរស្តម្ភ និងជាក្បាលម៉ាស៊ីន ក្នុងការកសាង និងអភិវឌ្ឍសហគ្រាសនានា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៊ីជាតិមួយ ប្រកបដោយនវានុវត្តន៍។ ទន្ទឹមនេះ បានជួយបណ្តុះស្មារតីស្រឡាញ់វិទ្យាសាស្ត្រ តាមរយៈការពិសោធ ការមើលឃើញផ្ទាល់ ដោយឆ្លុះបញ្ចាំងអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បំផុសការយល់ដឹង ក្នុងចំណោមតួអង្គធ្វើគោលនយោបាយ សិក្សាស្រាវជ្រាវ និង វិស័យឯកជន ជាពិសេស ការដាក់បញ្ចូលបច្ចេកវិទ្យានៅក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញផលិតភាព និងបង្កើនតម្លៃបន្ថែម សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងបរិការណ៍ ដែលបណ្តាប្រទេសនៅលើសកលលោក កំពុងត្រូវបានបន្តការហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជា រួមទាំងកម្ពុជាផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តទៀតថា ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍របស់សហគ្រាស គឺជាកត្តាគន្លឹះ ដើម្បីសម្រេចបាននូវការចាប់យកខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល នៅក្នុងបរិការណ៍ ដែលប្រទេសកម្ពុជា កំពុងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ, សាធារណរដ្ឋប្រជាមានិតចិន, អារ៉ាប់អេមីរ៉ាតរួម និងក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership- RCEP) ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀង ហើយពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ ក្នុងទិសដៅនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជា សេនាធិការ ដើម្បីសម្រេចបាននូវការកសាងមូលដ្ឋាន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបន្ថែម បច្ចេកវិទ្យា ជាអាទិភាពទី៥ ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ សហគ្រាសធុនតូច និងមធ្យម នឹងមានតម្រូវការបច្ចេកវិទ្យាសម្រាប់ពង្រឹងសមត្ថភាព ដើម្បីចាប់យកទីផ្សារប្រកបដោយភាពប្រកួតប្រជែង ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ភាពធន់ ចីរភាព និងបរិយាប័ន្ន។ បច្ចុប្បន្ននេះ កម្ពុជាមានឯកសារគតិយុត្តគោលមួយចំនួនទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាអាទិ៍ ៖ គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ២០២០-២០៣០, ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍កម្ពុជា ២០៣០, របៀបវារៈស្រាវជ្រាវជាតិ ២០២៥ និង ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពផ្សេងៗ រួមមាន បច្ចេកវិទ្យាកសិកម្ម, បច្ចេកវិទ្យាអប់រំ, បច្ចេកវិទ្យាសុខាភិបាល ដែលបានអនុម័ត ព្រមទាំងបណ្តាឯកសារផែនទីបង្ហាញផ្លូវមួយចំនួនទៀត ដែលបានបញ្ចប់សេចក្តីព្រាងរួចរាល់ ដូចជា បច្ចេកវិទ្យាថាមពល, បច្ចេកវិទ្យាទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល សម្រាប់ការអនុវត្តតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តងផដែរ ដល់តួអង្គពាក់ព័ន្ធ មានជាអាទិ៍៖ ក្រសួង-ស្ថាប័ន, សកលវិទ្យាល័យ, មជ្ឈមណ្ឌលស្រាវជ្រាវ, វិស័យឯកជន និងសង្គមស៊ីវិល ឱ្យបន្តសហការគ្នាអនុវត្តនូវឯកសារគតិយុត្តទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីប្រែក្លាយបញ្ហាប្រឈមនានា ឱ្យទៅជាកាលានុវត្តភាព, បង្កើតសក្តានុពលពីការវិវត្តជាវិជ្ជមាននៃបច្ចេកវិទ្យាសំខាន់ៗ, បន្សាំ ចាប់យក និងបង្កើតបច្ចេកវិទ្យាថ្មីៗទៀត ក្នុងរយៈពេលខ្លី និងមធ្យម ដែលមានលក្ខណៈនវានុវត្តន៍ក្នុងរយៈពេលវែង សម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព និងភាពធន់។ជាចុងក្រោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានប្រារព្ធទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ព្រមជាមួយការរៀបចំនូវព្រឹត្តិការណ៍អមសំខាន់ រួមមាន ៖ ពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល, ពិព័រណ៍វិទ្យាសាស្ត្រ, វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, ពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម, កម្មវិធីប្រកាសចាប់ផ្តើម «ពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ» ជាមួយនឹងការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ដោយបានដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនផលិតភាព ស្របតាមឧត្តមានុវត្តអន្តរជាតិ ដែលជាកត្តាសត្យានុម័តមិនអាចខ្វះបាន ៕