ឯកឧត្តមរដ្ឋមន្ដ្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្ម កំពុងតែរៀបចំ ផ្តល់សេវាសាធារណៈ នៅតាមអនឡាញ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រសួងកំពុងតែរៀបចំនូវការផ្តល់សេវាសាធារណៈរបស់ក្រសួង តាមរយៈអនឡាញដើម្បីជំរុញការផ្តល់សេវាឱ្យកាន់តែលឿន និងឆ្លើយទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលឌីជីថល។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងបែបនេះ ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តបថា នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះបងប្អូនប្រហែលជាលែងមានជំរើសមកសុំដាក់ពាក្យស្នើសុំទៀតហើយ សូម្បីតែបែបបទគយអីនេះ ក៏ឈានទៅប្រព័ន្ធ អាស៊ីកូដា ប្រព័ន្ធស៊ីងហ្កលវីនដូរដែរ ពីព្រោះយើងត្រូវការធ្វើការជាមួយបណ្តាប្រទេសផ្សេងៗ។ ប្រទេសគេ គេលែងប្រើក្រដាស គេលែងប្រើមនុស្សរត់ការអីហើយ គឺគេប្រើប្រព័ន្ធអូតូមេសិនទាំងអស់។ អ៊ីចឹងយើងក៏ត្រូវទៅតាមហ្នឹង។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ហេតុដូច្នេះហើយបានជាទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២នេះ ក្រសួងបានខិតខំប្រមូលផ្តុំSME ដើម្បីឱ្យពួកគេយល់ច្បាស់អំពីវឌ្ឍនៈភាពនៃការជំរុញវិស័យឌីជីថលនេះ ៕