ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ កោតសរសើរ និងវាយតម្លៃខ្ពស់លើកិច្ចខិតខំបំពេញភារកិច្ចរបស់នាយ ពលទាហាន របស់វរសេនាតូចថ្មើរជើងលេខ៥១៤
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២៤ របស់វរសេនាតូចថ្មើរជើងលេខ៥១៤។
ក្នុងឱកាសបូកសរុប ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានធ្វើការកោតសរសើរដល់កម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូនជាពិសេសគឺការទប់ស្កាត់ពលករដែលឆ្លងដែនខុសច្បាប់ តាមបណ្ដាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ មិនតែប៉ុណ្ណោះវរសេនាតូចបានចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ រហូតមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ អង្គភាពនៅតែបន្តអនុវត្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ហើយប្រមូលផលបន្លែគ្រប់ប្រភេទនិងសាច់ ដើម្បីផ្គត់ផ្គង់ឲ្យដល់កម្លាំងអន្តរាគមន៍ជួរមុខ ធានាបាននូវសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ក្នុងបេសកកម្មល្បាតទាំងយប់ ទាំងថ្ងៃ តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ។
ឧត្តមសេនីយ៍ត្រី ក៏បានធ្វើការផ្តាំផ្ញើកងទ័ពក្នុង វរសេនាតូចថ្មើរជើងលេខ៥១៤ ឱ្យបង្កើនការផ្សព្វផ្សាយ និងបេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” សូមឱ្យគ្រប់អង្គភាពគ្រប់គ្រងកម្លាំងឱ្យបានល្អ ដើម្បីដោះស្រាយបញ្ហាក្នុងយថាហេតុណាមួយកើតឡើង។
ឧត្តមសេនីយ៍ត្រី ក៏បានអញ្ជើញជូន ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងប្រគល់អំណោយរបស់ក្រសួងការពារជាតិ ជូនដល់បណ្តាកងឯកភាព៕