ប្រជាពលរដ្ឋស្រុកសៀមបូក ទទួលបានការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានចុះមកចែកអំណោយសម្ភារៈសិក្សានិងថ្នាំពេទ្យដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកសៀមបូកដោយឥតគិតថ្លៃ។
ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះបានធ្វើឡើងនៅវត្តបញ្ញាវរារាម ស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយមានការសហការជាមួយ អាជ្ញាធរខេត្ត កងកម្លាំងទាំង៣ ដឹកនាំដោយ លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង តំណាង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត មន្ទីរសុខាភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ មន្ទីរជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរឃុំ-ស្រុក-ខេត្ត ដែលពាក់ព័ន្ធ ៕