ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើវឌ្ឍនភាពនៃការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម។
ដោយទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងដើម្បីជជែកពិភាក្សាលើវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែកដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។
អង្គប្រជុំបាន ពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ក្នុងគោលបំណងពិនិត្យមើលឡើងវិញនូវការងារពាក់ព័ន្ធ ដើម្បីកំណត់បញ្ហាប្រឈម សំដៅស្វែងរកអភិក្រមក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកដែលមានស្រាប់ទាំងនោះ ឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់សកម្មភាពការដឹកជញ្ជូនអន្តរមធ្យោបាយនៅកម្ពុជាឱ្យកាន់តែសម្បូរបែប៕