នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន
ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្ម ជាពិសេសការជួញដូរមនុស្ស និងគ្រឿងញៀន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា នារសៀលថ្ងៃដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យើងបានប្តេជ្ញាពង្រឹងសន្តិសុខតាមបណ្តោយព្រំដែន ជាពិសេសការជួបប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។
សម្តេចធិបតី បានបន្តថា ជាពិសេសការប្រាស្រ័យទាក់ទង សហការគ្នា ទៅលើកិច្ចសហប្រតិបត្តិការយោធា ដែលមានស្រាប់ ព្រមទាំងពង្រឹងការទប់ស្កាត់ បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ពិសេសការជួញដូរមនុស្ស និងគ្រឿងញៀន។
កិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ បានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ៕