រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីធ្វើតេស្តពិនិត្យរកសារធាតុញៀនលើមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃរដ្ឋបាលខេត្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ធ្វើតេស្តពិនិត្យរកសារធាតុញៀន ស្ថិតនៅសាលប្រជុំអាគារ ឃ សាលាខេត្ត សរុបចំនួន ២៧៦នាក់ ដោយចែកជាពីពេលគឺ ធ្វើតេស្តនៅពេលព្រឹក និងនៅពេលរសៀល។
រដ្ឋបាលខេត្តស្វាយរៀង បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានសហការរៀបចំជាមួយនឹងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងការធ្វើតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ក្នុងជួរមន្ត្រីរដ្ឋបាលខេត្តស្វាយរៀង។
រដ្ឋបាលខេត្តសូមកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តខេត្តស្វាយរៀង ដែលបានចូលរួមធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផលគាប់ប្រសើរដោយលទ្ធផលអវិជ្ជមានទាំងអស់នៅពេលព្រឹកនេះ ដោយមិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់សូម្បីម្នាក់ នេះជាគំរូដ៏ប្រសើរក្នុងសង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជាយើង ៕