បទអត្ថាធិប្បាយ៖ កម្ពុជាចាត់ទុកវេទិកា Boao ដើរតួនាទីដ៏សំខាន់ សម្រាប់អន្តរជាតិ
កម្ពុជាគាំទ្រ និងចាត់ទុកវេទិកា Boao មានសារៈសំខាន់ក្នុងការរកដំណោះស្រាយ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នៅថ្ងៃទី២៦ ខែមីនា នេះ កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាBoao សម្រាប់អាស៊ីបានចាប់ដំណើរការ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ។ វេទិកានេះមានរយៈពេល៤ថ្ងៃ ជុំវិញប្រធានបទ”អាស៊ីនិងពិភពលោក ៖ បញ្ហាប្រឈមរួមនិងទំនួលខុសត្រូវរួម”។
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកា បូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញ តបតាមការអញ្ជើញពីភាគីចិន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស។
សម្តេចតេជោនឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងពិធីបើកសន្និសីទ ក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះនឹងមានការចូលរួមពី ថ្នាក់ដឹក នាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហ ប្រតិបត្តិការអន្តរជាតិ។ សម្តេចតេជោ នឹងមានជំនួបជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់ចិនផងដែរ។
ជុំវិញដំណើរបេសកកម្មនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានប្រាប់ថា នឹងចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងចិនកាន់តែប្រសើរបន្ថែមទៀត ហើយលោកបណ្ឌិតក៏លើកឡើងពីសារៈសំខាន់នៃវេទិកាបូអាវ នេះផងដែរ។
សំឡេង៖ «រយ:ពេល២៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០០១មក វេទិកា BFA ជាកម្លាំងចលករដល់ធាតុចូលដ៏សំខាន់លើវិស័យសេដ្ឋកិច្ចនៃមាគ៌ាអភិវឌ្ឍរបស់បណ្តាប្រទេសនានាក្នុងរង្វង់នៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន បន្ថែមពីលើគំនិតផ្តួចផ្តើមទាំង៤របស់ប្រទេសចិន ដើម្បីរួមជាកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ បេសកកម្មរបស់សម្តេចតេជោពិតណាស់បានចូលរួមចំណែកដល់ការចែករំលែកបទពិសោធន៍ពីភាពជាអ្នកដឹកនាំប្រកបដោយសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំង បង្កើនទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជានិងចិន រួមជាមួយកិច្ចសហប្រតិបត្តិការពហុភាគីឈ្នះ-ឈ្នះថែមទៀតផង»។
លោកបណ្ឌិត កៅ មុយថង អ្នកវិភាគ បានលើកឡើងថា អស់ពីបញ្ហាជំងឺរាតត្បាតជាសកល ពិភពលោកក៏ជួបនឹងស្ថានភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ដូចជា បញ្ហារវាងរុស្ស៊ីនិងអ៊ុយក្រែន, អ៊ីស្រាអែល-ហាម៉ាស, អតិផរណាខ្ពស់, បញ្ហាបម្រែបម្រួលអាកាសធាតុ ជាដើម ដែលសុទ្ធតែជះឥទ្ធិពលដល់ពិភពលោក។ ដូច្នេះ លោកជឿជាក់ថា សន្និសីទប្រចាំឆ្នាំនេះ នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀត សម្រាប់ពិភពលោក។
សំឡេង៖ «សម្រាប់វត្តមានរបស់សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលនឹងអញ្ជើញចូលរួម ក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកា ឆ្នាំ២០២៤ នៅខេត្តហៃហាន ប្រទេសចិន គឺជាការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជា ក្នុងការជំរុញការស្វែងរកដំណោះស្រាយ បញ្ហាទាំងអស់នេះ តាមគោលការណ៍ពហុភាគីនិយម លើបញ្ហាប្រឈម ដែលពិភពលោកកំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញ ហើយកម្ពុជាតែងបានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ និងពិភពលោក លោកហេដ្ឋារចនាសម្ព័ន្ធ ទាំងរឹង ទាំងទន់ ទាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម កាលានុវត្តភាព ការវិនិយោគ ការផ្លាស់ប្តូរនូវវប្បធម៌ និងការតភ្ជាប់ រវាងប្រជាជននិងប្រជាជន នៅលើពិភពលោក»។
សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញបំពេញទស្សនកិច្ចនៅបណ្ឌិត សភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន ,ទីក្រុងអវកាសអន្តរជាតិ វិនឆាង ដើម្បីជំរុញកិច្ចសហប្រតិ បត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា៕