ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ បុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិ ២០២៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិច្ចប្រជុំជាមួយ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤ ដែលដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ។
ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ មានប្រសាសន៍លើកឡើងថា គណៈកម្មាធិការនឹងរៀបចំកំណត់បែង ចែកភារកិច្ចនិងណែនាំ ដល់គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី សម្រាប់ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឲ្យមានភាពសប្បាយរីករាយជូនប្រជារាស្រ្តដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ដែលមានរយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
ឯកឧត្តម បញ្ជាក់ថា យោងតាមការគន់គូរហោរាសាស្ត្រជើងលេខក្បួនតម្រារបស់ខ្មែរ ឆ្នាំនេះពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប្រារព្ធធ្វើឡើងរយៈពេល ៤ថ្ងៃ ហើយយូរឆ្នាំម្តងទើបជើងលេខមានរយៈពេល៤ថ្ងៃនេះ ។
ឯកឧត្តម មានប្រសាសន៍បន្តថា ពិធីបុណ្យចូលឆ្នាំថ្មី ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី និងតាមទីវត្តអារាមនីមួយៗ ត្រូវរៀបចំនូវកម្មវិធីឲបានច្រើន ដូចជាកម្មវិធីតាមបែបសាសនា ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ពិធីចម្រើនព្រះបរិត្ត សូត្រមន្តលើករាសី របាំបួងសួងនិងរបាំត្រុដ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ ពិធីកម្សាន្តសប្បាយដូចជាកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ចោលឈូង បោះអង្គុយ លាក់កន្សែង ទាញព្រ័ត ស្តេចចង់ ជាដើម ។
ឯកឧត្តម ក៏បានសំណូមពរឲ្យក្រសួងដែលមានសមត្ថកិច្ចក្នុងរក្សាសុវត្ថិភាពចររាចរ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ សូមឱ្យសហការការពារធានាបាននូវសុវត្ថិភាព មុនពេល អំឡុងពេល និងក្រោយពេល បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅតាមទីវត្តអារាម មណ្ឌលកម្សាន្ត រមណីយដ្ឋាននានានៅរាជធានីភ្នំពេញ និងគ្រប់ខេត្ត ដើម្បីបង្កការសប្បាយរីករាយជូនប្រជារាស្រ្តចូលរួមកម្សាន្ត។
ដោយឡែកសម្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានភារកិច្ចធ្វើការផ្សព្វផ្សាយឲ្យបានមុន១សប្តាហ៍ ចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ តទៅ នូវខ្លឹមសារផែនការណែនាំស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងណែនាំក្រុមបច្ចេកទេសឲ្យចុះធ្វើសកម្មភាពថតរូប ផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ឬតាមរយៈមធ្យោបាយផ្សេងៗ គ្រប់សកម្មភាព និងទិដ្ឋភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺថ្ងៃទី ១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២៤ ដូចជាពិធីបុណ្យសាសនាតាមវត្តអារាម និងសកម្មភាពការលេងល្បែងប្រជាប្រិយនៅតាមតំបន់នីមួយៗ ដោយធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជារាស្រ្តទាំងក្នុង និងក្រៅប្រទេសបានទស្សនាយល់ និងជ្រួតជ្រាប។
ដូចនេះ ដើម្បីឲ្យការរៀបចំកម្មវិធីប្រព្រឹត្តទៅបានជោគជ័យ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ទាំងអស់ ត្រូវរៀបចំកម្មវិធីនីមួយៗ ឲ្យបានច្បាស់លាស់តាមប្រពៃណីជាតិខ្មែរដ៏ថ្កើនថ្កាននៃយើង សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តសម្រេចបានលទ្ធផលល្អប្រសើរ៕