ក្រសួងអប់រំ ចុះ MOU ជាមួយសហគមន៍កីឡាកម្ពុជាប្រចាំអាមេរិក ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជំនាញកម្រិតខ្ពស់ ឱ្យកាន់តែរឹងមាំ
ភ្នំពេញ៖ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងជាតំណាំងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងអប់រំ យុវជន និង កីឡា ជា មួយ សហគមន៍កីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក The Cambodia Sports Association នៅក្នុងពិធីនោះដែរ មានការចូលរួមពីសំណាក់ ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ឯកឧត្ដម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងអស់លោក លោកស្រី ប្រធានអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកីឡា នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។
គោលបំណងនៃអនុស្សរណៈនេះគឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជំនាញកម្រិតខ្ពស់ ឱ្យកាន់តែរឹងមាំ លើកកម្ពស់ការចូលរួម និងអភិវឌ្ឍកីឡា ក៏ដូចជាការផ្លាស់ប្ដូរមន្ត្រី គ្រូបង្វឹក អត្តពលិក រវាងក្រសួងអប់រំ យុវជន និងកីឡា និងសហគមន៍កីឡាប្រចាំសហរដ្ឋអាមេរិកប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលនយោបាយកីឡាជាតិ មិនបោះបង់អត្តពលិកឈាមជ័រខ្មែរណាម្នាក់ឡើយ និងរួមគ្នាបម្រើអត្ថប្រយោជន៍ឱ្យកូនខ្មែរក្រៅប្រទេស មានឱកាសចូលរួមជាមួយអត្តពលិកជាតិ ស្វែងរកកីឡាករ-កីឡាការិនីខ្មែរមានទេពកោសល្យកីឡាល្អ និងមានគុណផលកីឡាខ្ពស់ សម្រាប់កូនខ្មែរនៅក្រៅប្រទេស ជាពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ត្រៀមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕