ក្រសួងការងារ បន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់គ្រោះអគ្គិភ័យ ជំងឺអេដស៍ និងគ្រឿងញៀននៅតាមសហគ្រាស គ្រឹះស្ថាន
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងខិតខំពង្រឹងវិធានការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ជំងឺអេដស៍ និងគ្រឿងញៀននៅតាមសហគ្រាស គ្រឹះស្ថាន ពិសេសគឺបានផ្ដល់អនុសាសន៍ជាច្រើនចំពោះការបង្ការ ទប់ស្កាត់គ្រោះថ្នាក់នៅកន្លែងធ្វើការ។
ជាក់ស្តែង តាមរយៈវគ្គបណ្ដុះបណ្ដាលសុវត្ថិភាពអគ្គិភ័យ ការបង្ការជំងឺអេដស៍ និងគ្រឿងញៀននៅតាមសហគ្រាស គ្រឹះស្ថាន ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងផ្នែកពាក់ព័ន្ធសរុបជាង ២០០នាក់ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។
លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានបញ្ជាក់ថា កន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានការបណ្ដុះបណ្ដាលបានច្រើនពាក់ព័ន្ធនឹងវិធានការបង្ការអគ្គិភ័យ។ ក្នុងនោះនៅឆ្នាំ២០២២ បានបណ្ដុះបណ្ដាលចំនួន ៧៦វគ្គ ដែលមានកម្មករចូលរួមចំនួន១,៥៣៣នាក់។ ឆ្នាំ២០២៣ បណ្ដុះបណ្ដាលបាន ៧៨វគ្គ ដែលមានកម្មករនិយោជិតចូលរួមចំនួន ១,៨៧២នាក់ ក្នុងនោះបានបណ្ដុះបណ្ដាលមន្ត្រីចំនួន ៣វគ្គ ដែលមានមន្ត្រីរាជការចូលរួមចំនួន ៣៧៥នាក់។ នៅឆ្នាំ២០២៤ ក្រសួងក៏បានបណ្ដុះបណ្ដាលចំនួន ៣៦វគ្គ ដែលមានការចូលរួមចំនួន ៧១៦នាក់។
លោក ឡេង តុង បានណែនាំដល់តំណាងសហគ្រាស គ្រឹះស្ថាន ត្រូវមានការវាយតម្លៃហានិភ័យការងារ, ត្រួតពិនិត្យប្រព័ន្ធដែលអាចនាំឱ្យមានចំហេះកើតឡើង, ត្រូវបង្ការអគ្គិភ័យកើតឡើងយថាហេតុ ហើយត្រូវប្រាកដថា រាល់ឧបករណ៍-បរិក្ខារដែលបង្ការអគ្គិភ័យនៅមានដំណើរការល្អ និងត្រួតពិនិត្យជាប្រចាំ។ ក្រៅពីនេះ ត្រូវធានាការថែរក្សាអនាម័យឱ្យបានស្អាតគ្រប់ពេលវេលា, រៀបចំប្រព័ន្ធកំណត់អត្តសញ្ញាណឧបករណ៍ពន្លត់អគ្គិភ័យក្នុងករណីកើតមានអគ្គិភ័យ និងត្រួតពិនិត្យជាប្រចាំ, រៀបចំគំនូសប្រាប់ផ្លូវច្រកចេញនៅពេលមានអគ្គិភ័យកើតឡើង ត្រូវធានាថាមិនមានឧបសគ្គ និងមិនត្រូវចាក់សោក្នុងពេលម៉ោងធ្វើការ។ ជាងនេះទៀតក៏បានរៀបចំការបណ្ដុះបណ្ដាលអំពីនីតិវិធី ជំនាញ និងហ្វឹកហាត់ពន្លត់អគ្គិភ័យដល់កម្មករនិយោជិត ពិនិត្យនិងធ្វើបច្ចុប្បន្ន វាយតម្លៃហានិភ័យឱ្យបានទៀងទាត់។
ជាមួយគ្នានោះ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានលើកឡើងបន្ថែមពីវិធានការបង្ការគ្រោះអគ្គិភ័យនេះផងដែរ ហើយក៏បានរំលឹកនូវអនុសាសន៍របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជុំវិញការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន ព្រមទាំងអំពាវនាវដល់គ្រប់ភាគីទាំងស្ថាប័នរដ្ឋ សហគ្រាស គ្រឹះស្ថានទាំងឡាយត្រូវខិតខំទប់ស្កាត់បញ្ហាចាំបាច់នេះ និងត្រូវជៀសឱ្យឆ្ងាយពីអំពើអបាយមុខនានា ដូចជាគ្រឿងញៀននេះជាដើម។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់កម្មករនិយោជិត ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា សូមចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រស់នៅឱ្យមានអនាម័យ ដើម្បីថែរក្សាសុខភាពឱ្យបានមាំទាំ កសាងអនាគតឱ្យកាន់តែភ្លឺថ្លាឡើង ពីព្រោះប្រទេសជាតិពិតជាត្រូវការយុវជនរាល់គ្នាដែលជាកម្លាំងកសាងអភិវឌ្ឍន៍ជាតិតទៅមុខទៀត ៕