UNIDO សហការជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតង
ភ្នំពេញ៖ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានសហការជាមួយក្រសួងឧស្សាហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មបៃតង (Eco-industrial park) នៅកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីនេះមានគោលដៅជំរុញការ អភិវឌ្ឍឧស្សាហកម្មប្រកប ដោយចីរភាព ដោយគិតគូរដល់ការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន និងវិបុលភាពសេដ្ឋកិច្ច។
កិច្ចសហប្រតិបត្តិការនេះត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ ដឹកនាំដោយលោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO។
UNIDO បានទទួលការអនុម័តពីទីភ្នាក់ងារស្វីស សម្រាប់ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដើម្បីចាប់ផ្តើមបេសកកម្មសិក្សាស្វែងយល់ (scoping mission) សម្រាប់ការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅកម្ពុជា។
បេសកកម្ម ដែលកំពុងអនុវត្ត និងដឹកនាំដោយប្រធានទីប្រឹក្សាបច្ចេកទេសរបស់ UNIDO ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី នឹងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីវាយតម្លៃតំបន់ សេដ្ឋកិច្ច ពិសេស ដែលមានសក្តានុពលសម្រាប់អនុវត្តគម្រោង។ ទីប្រឹក្សានឹងសិក្សាតំបន់ សេដ្ឋកិច្ច ពិសេសពី៦ទៅ១០ទីតាំង ដោយផ្អែកលើស្តង់ដារទាំង៦៤ចំណុចរបស់ UNIDO ដើម្បីជ្រើសរើសតំបន់ សេដ្ឋកិច្ច ពិសេសមួយ សម្រាប់អនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនេះ។ គម្រោងសាកល្បង ដែលនឹងមានរយៈ ពេល មួយ ឆ្នាំនេះ មានសក្តានុពលជាគំរូសម្រាប់ការជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅតំបន់ផ្សេងទៀតទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ UNIDO និងបានបញ្ជាក់ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះ ដូចជាការត្រៀមសហការក្នុងការចូលរួមផ្តល់នូវហេដ្ឋា រចនាសម្ព័ន្ធសាធារណៈ សេវាទឹកស្អាត និងការអភិវឌ្ឍជំនាញជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការជ្រើសរើសទីតាំងជាយុទ្ធសាស្រ្តនៃតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គម្រោងសាកល្បងនេះ គួរផ្អែកលើឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធានា បាននូវភាពជោគជ័យនៃគម្រោង។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវិនិយោគិន និងអ្នកអភិវឌ្ឍន៍ សក្តានុពល ក្នុងការរួមចំណែកដល់ជោគជ័យនៃសួនឧស្សាហកម្មបៃតងនេះ។
លោក សុខ ណារិន ក៏បានរំលេចពីសារៈសំខាន់នៃការបញ្ចូលការគិតគូរពីបរិស្ថាន និងសង្គមទៅក្នុង ការ អភិវឌ្ឍ ឧស្សាហកម្ម ដោយសារនិន្នាការពិភពលោក ដែលអ្នកទិញផ្តល់អាទិភាពកាន់ តែខ្លាំងចំពោះនិរន្តរ ភាព។
លោកបានបញ្ជាក់ថា សួនឧស្សាហកម្មបៃតងផ្តោតលើការអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ និង ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ ធនធាន ហើយUNIDO នឹងផ្អែកលើជំនាញរបស់ខ្លួន ដែលបានមកពីការអនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនៅក្នុងប្រទេសចំនួន៧ រួមទាំងប្រទេសវៀតណាម និងឥណ្ឌូនេស៊ី។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យគម្រោងប្រើវិធីសាស្ត្រ ជាដំណាក់កាល ស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃតុល្យភាពរវាងគោលដៅបរិស្ថាន ជាមួយនឹងតថភាពរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថានឹងផ្តល់សក្តានុពលដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងពង្រីកមូលដ្ឋានឧស្សាហកម្មប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះដោះស្រាយបញ្ហាបរិស្ថានចំពោះមុខ ៕