រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ថ្នាក់ដឹកនាំក្រសួង
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ថ្នាក់ដឹកនាំក្រសួង ដោយមានការអញ្ជើញចូលពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈធំៗមួយចំនួន រួមមាន៖ (១).ប្រកាសតែងតាំង សមាសភាពថ្នាក់ដឹកនាំក្រសួងថ្នាក់អនុរដ្ឋលេខាធិការ ០១រូប អគ្គនាយក ០១រូប អគ្គនាយករង ០២រូប និងថ្នាក់អនុប្រធាននាយកដ្ឋាន ០២រូប, (២).បទបង្ហាញអំពីសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក និង(៣).ការផ្តល់អនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងតួនាទីភារកិច្ច និងរំហូរការងាររបស់ គណៈកម្មសម្របសម្រួល និងតម្រង់ទិសសម្រាប់គ្រប់គ្រង និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន ដែលហៅកាត់ថា គណៈកម្មការសម្របសម្រួលគម្រោង និងបញ្ហាផ្សេងៗ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការបង្កើតគណៈកម្មការសម្របសម្រួលគម្រោង គឺធ្វើឡើងដើម្បីទទួលខុសត្រូវរួមក្នុងការអនុវត្តតួនាទី និងភារកិច្ចឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេស ពាក់ព័ន្ធជាធរមាន ដោយក្នុងនោះ ក៏មានការបង្កើតលេខាធិការដ្ឋាន ដើម្បីជាសេនាធិការក្នុងការប្រមូលផ្តុំព័ត៌មានគម្រោង សម្រាប់ធ្វើការរៀបចំគោលនយោបាយ ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រួមទាំងសម្របសម្រួលបូកសរុបរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគម្រោង និងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដាក់ជូនគណៈកម្មការសម្របសម្រួលគម្រោងពិនិត្យ និងរាយការណ៍ជូនរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានទាន់ពេលវេលាកំណត់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ដើម្បីសម្រេចបានឲ្យមានប្រសិទ្ធភាពនូវតួនាទីភារកិច្ចរបស់គណៈកម្មការសម្របសម្រួលគម្រោង គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យបាននូវតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការបំពេញការងារ ពិសេសគឺធានាបាននូវលំហូរការងារមួយ កាន់តែមានភាពល្អប្រសើរឡើង ៕