ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារប្រារព្ធពិធីសូត្រមន្តបង្សុកូល ជូនបុព្វការីជន
ភ្នំពេញ៖ នៅក្នុងឱកាសជិតដល់ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រារព្ធធ្វើរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សិរីចរណវិសុទ្ធិអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ជូ ព្រមទាំង ឯកឧត្តម លោកជំទាវ ជា បុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃដើម្បីប្រារព្ធពិធីសូត្រមន្តបង្សុកូល ឧទ្ទិសមគ្គផល ជូនបុព្វការីជាអ្នកមានគុណ នៅវត្តព្រែកចាមស្ថិតនៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។
ពិធីនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ សិរីចរណវិសុទ្ធិអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ជូ បានរៀបចំឡើងទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីនមស្កាព្រះរតនត្រ័យ សមាទានសីល បង្សុកូល និងប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជន មាន មាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ សូមឱ្យដួងវិញ្ញាណក្ខន្ធទាំងឡាយ បានសោយសុខក្នុងឋានបរមសុខកុំបីអាក់ខានឡើយ។
ជាមួយគ្នានេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមទេវតាឆ្នាំថ្មី សូមតាមជួយអភិបាលប្រោសព្រំសព្វសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះបងប្អូនជនរួមជាតិ កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕