ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យទំនប់អាងទឹកនៃប្រព័ន្ធធារាសាស្រ្តលំហាច ស្ថិតក្នុងខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ នាថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ហៀង ម៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ព្រមទាំងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យមើលតួទំនប់អាងទឹកដែលទទួលរងការខូចខាតដោយសារទឹកជំនន់នារដូវវស្សាកន្លងមក និងការងារថែទាំជាប្រចាំ នៃប្រព័ន្ធធារាសាស្រ្តលំហាច ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា កាលពីរដូវវស្សាកន្លងមកតួទំនប់អាងទឹកនៃប្រព័ន្ធធារាសាស្រ្តលំហាចនេះ បានទទួលរងផលប៉ះពាល់ និងខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការហូរច្រោះច្រាំងទំនប់អាង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំឱ្យនាយកដ្ឋានជំនាញ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងអាជ្ញាធរដែនដី ព្រមទាំងសហគមន៍កសិករប្រើប្រាស់ទឹក ក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យត្រៀមបម្រុងរក្សាទឹកទុក ដោយត្រូវបើកទឹកបំពេញតាមប្រឡាយទាំងអស់នៃប្រព័ន្ធនេះសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មុននឹងបើកបង្ហូរទឹកចេញឱ្យអស់ពីអាងទឹក ដើម្បីធ្វើការជួសជុលទំនប់អាងទឹកនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចុះត្រួតពិនិត្យមើលប្រព័ន្ធប្រឡាយនៃប្រព័ន្ធធារាសាស្រ្តលំហាច ដែលអនុវត្តការងារថែទាំជាប្រចាំដោយនាយកដ្ឋានធារាសាស្រ្តកសិកម្ម ព្រមទាំងបានធ្វើការណែនាំដល់នាយកដ្ឋាន និងមន្ទីរឱ្យបន្តយកចិត្តដាក់បន្ថែមទៀតក្នុងការថែទាំប្រព័ន្ធធារាសាស្ត្រលំហាចនេះ ជាពិសេសការងារប្រតិបត្តិការណ៍បិទ-បើកទ្វារទឹក ៕