ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥រោចខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសាលាខត្តកំពង់ចាម ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលរងក្រុង ស្រុកទាំង ១០ លោក លោកស្រី មេឃុំ១០៩ឃុំ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ អង្គការដៃគូ និងអង្គភាពពាក់ព័ន្ធជាច្រើន សរុបអ្នកចូលរួមចំនួន ១៥៤រូប ស្រី ១៩រូប។
បន្ទាប់ពី ឯកឧត្តម ស្រី សុភ័ក្រ្ត បានទ្បើងមានមតិស្វាគមន៍ជូនដល់គណៈអធិបតី និងសមាជិក សមាជិកា នៃអង្គពិធីរួចមក លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឡើងអាននូវរបាយការណ៍ស្តីពី លទ្ធផលបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទ។
ក្នុងនោះផងដែរ ឯកឧត្តមបណ្ឌិត លឹម អ៊ីវ បានទ្បើងអាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១៣ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពិធីបិទសន្និបាតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ បានទ្បើងមានមតិចំណាប់អារម្មណ៍ និងបានផ្តល់ជាអនុសាសន៍ដឹកនាំមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម រួមមានដូចតទៅ៖
-មន្ទីរអភិវឌ្ឍន៍ជនបទត្រូវរៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទទាំង ៤ប្រភេទ រួមមាន៖ T1 T2 T3 T4។
-មន្ទីរអភិវឌ្ឍន៍ជនបទត្រូវរៀបចំធ្វើបញ្ជីផ្លូវដែលត្រូវជួសជុលបន្ទាន់ថែទាំខួប និងថែទាំប្រចាំផ្ញើជូនក្រសួងឱ្យបានលឿនដើម្បីរៀបចំផែនការសម្រាប់ឆ្នាំ ២០២៥ និងផែនការឆ្នាំបន្តបន្ទាប់។
-មន្ទីរអភិវឌ្ឍន៍ជនបទត្រូវស្រង់ទិន្នន័យការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទដើម្បីសម្រេចឱ្យបានអត្រាគ្របដណ្ដប់ទូទាំងប្រទេស ១០០% នៅឆ្នាំ២០៣០។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានអំពាវនាវលោក លោកស្រី ដែលជាអភិបាលស្រុក អភិបាលរងស្រុក លោកមេឃុំ មេភូមិ ចូលរួមសហការជាមួយអ្នកព័ន្ធដើម្បីពន្លឿនកិច្ចការនេះសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក និងសំណូមអោយអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ការទន្រ្ទានចំណីផ្លូវ និងការចាក់ដីខ្ពស់ជាងផ្លូវជៀសវាងផ្លូវឆាប់ខូច។
-មន្ទីរអភិវឌ្ឍន៍ជនបទត្រូវបន្តសហការជាមួយក្រុមការងារ (CWG) (DWG) ដែលគ្រោងនឹងចុះមកពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃការងារ (ODF) ក្នុងភូមិសាស្ត្រស្រុក៩ ក្រុង១ ក្នុងខេត្តកំពង់ចាមតាមផែនការ។
-មន្ទីរអភិវឌ្ឍន៍ជនបទត្រូវរៀបចំផែនការកំណត់ទីតាំងគោលដៅសម្រាប់ជ្រើសរើសភូមិគំរូ និងចុះស្រាវជ្រាវទិន្នន័យភូមិទាំង១០ភូមិ ដែលជាភូមិអាទិភាពក្នុងខេត្តកំពង់ចាម។
-ជំរុញការងារធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច ជាពិសេសសមាហរណកម្មតំបន់ជនបទតាមរយៈការពង្រឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ
-បន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងកិច្ចសហការជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គការមិនមែនរាជរដ្ឋាបាលជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំផ្សព្វផ្សាយបានបិទបញ្ចប់ដោយភាពជោគជ័យ និងបរិយកាសស្និទ្ធស្នាលបំផុត ៕