នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការលះបង់របស់យោធិន ពិតជាធំធេងណាស់ ដើម្បីការពារបូរណភាពដែនដី និងសុខសន្តិភាពជូនប្រជាជាតិ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការលះបង់របស់យោធិនយើងពិតជាធំធេងណាស់ ដើម្បីការពារបូរណភាពដែនដី និងសុខសន្តិភាពជូនប្រជាជាតិ ។
ឯកឧត្តម មានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ តែងតែគិតគូរជាប្រចាំ និងគ្រប់កាលៈទេសៈ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារ ។
ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយយោធិន នៅទីបញ្ជាការ បញ្ជាការរដ្ឋានកងអង្គរក្ស ទិសទី១ ប្រាសាទព្រះវិហារ យោធភូមិភាគទី៤ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតក្នុងភូមិស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះដែរឯកឧត្តម ទៀ សីហា ព្រមទាំង ប្រតិភូអមដំណើរបានអញ្ជើញទៅទស្សនាប្រាសាទព្រះវិហារ និងបានអញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្ត្រយោធា ៥មករា ផងដែរ៕