ព្រះមហាក្សត្រ ស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្តេជ្ញាប្រមូលផ្តុំកម្លាំងជាធ្លុងមួយ ប្រឹងប្រែងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងនីតិកាលទី៧ ឱ្យសម្រេចជោគជ័យ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្តេជ្ញាប្រមូលផ្តុំកម្លាំង ជាធ្លុងមួយ ប្រឹងប្រែងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងនីតិកាលទី៧ ។
តាមរយៈព្រះរាជសារ ក្នុងឱកាសរដ្ឋសភាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៤ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូល កោតសរសើរដ៏ស្មោះចំពោះសម្តេចមហា រដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលជាស្ត្រីឆ្នើម មានស្មារតីមោះមុត បញ្ញាភ្លឺថ្លា ដឹកនាំស្ថាប័ន រដ្ឋសភាក្នុងការបំពេញមុខងារស្នូលទាំងបី រួមមាន មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារជាតំណាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូរដល់ ឧត្តមប្រយោជន៍ជាតិជាធំ។ ជាមួយគ្នានេះ ព្រះមហាក្សត្រ បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិការដ្ឋសភាទាំងអស់នៃនីតិកាលទី៧ ជាឥស្សរជនឆ្នើមដែលមានស្នាដៃ និងបទពិសោធន៍ ល្អៗយ៉ាងសម្បូរបែប ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជានៃយើងឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា “។
ព្រះករុណាព្រះមហាក្សត្រ មានបន្ទូលដោយបញ្ជាក់បន្ថែមថា «ខ្ញុំព្រះករុណា ខ្ញុំសូមស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្តេជ្ញាប្រមូលផ្តុំកម្លាំង ជាធ្លុងមួយ ប្រឹងប្រែងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងនីតិកាលទី៧ ឱ្យសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់ថែមទៀត ជូនជាតិមាតុភូមិដ៏បវរនៃយើង ដោយឈរលើមូលដ្ឋានគ្រឹះ នៃសាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី»។
ព្រះមហាក្សត្រ មានបន្ទូលបន្តទៀតថា រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតចេញពីការបោះឆ្នោត ប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភាគី គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ និង គណបក្ស ហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ ដោយបង្កើតបានរដ្ឋសភានីតិកាលទី៧ (២០២៣-២០២៨) ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ជាស្ត្រីទី១ ក្នុងប្រវត្តិ សាស្ត្រកម្ពុជា ដែលទទួលបានតំណែងដ៏ឧត្តុង្គឧត្តមនេះ ។
ជាមួយគ្នានេះ រដ្ឋសភានីតិកាលទី៧ ក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋា ភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្តក្លៀវក្លា បញ្ញាវាងវៃ ស្មារតីមោះមុត បន្តវេនពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវកិត្យានុភាពខ្ពស់ត្រដែតលើកឆាកអន្តរជាតិ៕