ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាមួយសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនដែលប្រារព្ឋធ្វើឡើងនៅសណ្ឋាគារ Oakwood។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមទាំងថ្នាក់ដឹកនាំសមាគម និងអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុនប្រមាណ១៥០រូប។
ក្នុងនាមជាអតីតនិស្សិតជប៉ុន ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្តីរីករាយចំពោះកម្មវិធីដ៏មានអត្ថន័យ និងមានភាពរីរីករាយនៅពេលនេះ ដែលអតីតនិស្សិតខ្មែរដែលធ្លាប់បានសិក្សានៅប្រទេសជប៉ុន មានឱកាសជួបជុំគ្នាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងបានជូនពរដល់អតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុនក្នុងឱកាសឆ្នាំថ្មី។
ក្នុងកម្មវិធីជួបជុំដែលធ្វើឡើងមួយឆ្នាំម្តងនាពេលនេះ ក៏មានការលេងល្បែងប្រជាប្រិយ ការច្រៀងរាំកម្សាន្តពីគណៈអធិបតី និងភ្ញៀវចូលរួមយ៉ាងសប្បាយរីករាយផងដែរ៕