នាយករដ្ឋមន្ត្រី៖ ចាប់ពីពេលនេះតទៅ សាលារៀនទាំងអស់ មិនត្រូវបង្កើតកម្មវិធីអ្វីមួយ ហើយស្នើសុំថវិកា ពីឳពុកម្ដាយសិស្សនោះឡើយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកថា ចាប់ពីពេលនេះតទៅ សាលារៀនទាំងអស់មិនត្រូវបង្កើតកម្មវិធីអ្វីមួយ ហើយស្នើសុំថវិកាពីឳពុកម្ដាយ ឬអាណាព្យាបាល សិស្សានុសិស្សនោះឡើយ ខណៈបញ្ហានេះក៏ធ្លាប់កើតមានរួចមកហើយដែរ ។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតក្រសួងអប់រំ យុវជន និងកិឡា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំពាវនាវដល់គ្រប់សាលារៀនទាំងអស់ មិនត្រូវបង្កើតជំនួយសមធម៌ ឬដាក់បន្ទុកផ្នែកហិរញ្ញវត្ថុអ្វីមួយដល់អណាព្យាបាលសិស្សានុសិស្សជាដាច់ខាត ។ សម្ដេចថា ការធ្វើដូច្នេះគឺដើម្បីធ្វើយ៉ាងណាបញ្ជៀសការរិះគន់ និងការថ្នាំងថ្នាក់ពីអណាព្យាបាលរបស់សិស្ស ឬពីបណ្តាញសង្គមនានា។
សម្តេចធិបតី បានលើកឡើងថា ការបង្កើតកម្មវិធីអ្វីមួយពីសាលារៀន ហើយស្នើសុំថវិកាពីឱពុកម្តាយសិស្សានុសិស្ស ជារូបភាពមួយអាចមានការយល់ច្រឡំពី ឱពុកម្តាយរបស់សិស្ស ដោយពួកគាត់អាចចោទប្រកាន់មកសាលារៀនវិញថា ការស្នើសុំរបស់យើង ជាការដាក់សម្ពាធផ្នែកហិរញ្ញវត្ថុដល់ពួកគាត់ ដូច្នេះបញ្ហានេះគប្បីមិនមានតទៅទៀតទេ ៕