សម្តេចធិបតី៖ ប្រជុំដែលបានផលប្រយោជន៍ គឺប្រជុំមិនបាច់វែងក៏បាន តែចេញមកមានគោលដៅដែលត្រូវធ្វើបន្ត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការរៀបចំកិច្ចប្រជុំមិនបាច់វែងក៏បាន ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការដាក់ចេញគោលដៅ និងអនុវត្តន៍អ្វីដែលទទួលបានពីកិច្ចប្រជុំនោះ ឱ្យបានចេញជាលទ្ធផលទើបជាការប្រសើរ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី បានមានប្រសាសន៍ថា បើប្រជុំរួចហើយ តែមិនយកយោបល់ ដែលបានពីកិច្ចប្រជុំនោះទៅអនុវត្តន៍ នោះកិច្ចប្រជុំនោះស្មើនឹងគ្មានន័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំប្រជុំ ឯកឧត្តម លោកជំទាវ ប្រហែលជាចូលរួមប្រជុំច្រើនហើយ ប្រជុំដែលបានផលប្រយោជន៍ គឺប្រជុំមិនបាច់វែងក៏បាន តែចេញមកមានគោលដៅដែលត្រូវធ្វើបន្ត នេះដែលចាំបាច់។ បើគ្រាន់តែប្រជុំដើម្បីប្រជុំលើកយោបល់ ហើយបូកសរុបចប់ តែធ្វើដដែល អ្វីដែលបានពីកិច្ចប្រជុំ អត់ធ្វើ វាអត់ជោគជ័យ»។
សម្តេច ថ្លែងទៀតថា ចំពោះបញ្ហាប្រឈមនានាក្នុងវិស័យអប់រំ រាជរដ្ឋាភិបាលនឹងបន្តបំពេញចំណុចខ្វះខាតទាំងនោះ ទាំងការខ្វះខាតគ្រូ ខ្វះហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលារៀនជាដើម ៕