សម្តេចធិបតី៖ ការលើកកម្ពស់គុណភាពអប់រំ ផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីមត្តេយ្យដល់ថ្នាក់មធ្យមសិក្សា ដែលក្នុងនោះមានគោលដៅ ៤ចំណុច
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា នាថ្ងៃទី២ មេសានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការលើកកម្ពស់គុណភាពអប់រំផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់តាំងពីមត្តេយ្យដល់ថ្នាក់មធ្យមសិក្សាដែលក្នុងនោះមានគោលដៅ៤ចំណុចរួមមាន៖
ទី១-ការពង្រឹងអភិបាលកិច្ចសាលារៀន
ទី២-ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថរបស់សិស្ស
ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា
ទី៤-ការជំរុញលើកទឹកចិត្តការចូលរួមរបស់មាតាបិតាអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសនៃក្រសួងអប់រំ យុវជន និងកីឡាដែលបានរៀបចំការឆ្លើយតបភ្លាមៗ និងធ្វើការពិនិត្យឡើងវិញនៃស្តង់ដារសាលារៀនដោយបញ្ជ្រាបចំណុចទំាង៤ខាងលើ និងបានដាក់ឱ្យអនុវត្តន៍ស្តង់ដារគំរូចាប់ពីសាលាមត្តេយ្យរហូតមធ្យមសិក្សា ៕