ឯកឧត្តម គួច ចំរើន ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ស្ថិតនៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអំពិល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី ស្ថិតនៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានកោតសរសើរសមិទ្ធផលដែលកងពលតូចលេខ៤ សម្រេចក្នុងការការពារជាតិ មាតុភូមិ ផ្អែកតាមលទ្ធផល នៃភាពក្លាហាន ក៏សាងបាននូវសមិទ្ធផលដ៏ត្រចេះត្រចង់នាពេលនេះធ្វើឪ្យប្រជាជនកម្ពុជា ពិតជាអរគុណ និងសមិទ្ធផលការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះលោកមេបញ្ជាការ មេបញ្ជាការរង ពលទាហាន និងក្រុមគ្រួសារកងទ័ព លោកគ្រូ អ្នកគ្រូបង្រៀន ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន និងតាមគោលដៅផ្សេងៗទៀត។
ក្នុងនាមគណៈអភិបាលខេត្ត ខ្ញុំពិតជារីករាយដែលបានដឹកនាំគណៈប្រតិភូខេត្តមកសួរសុខទុកនាពេលនេះ ហើយក៏ជាលើកទី៣ផងដែរ។ កងពលអន្តរាគមន៍ទី៤ ពីមួយឆ្នាំទៅមួយឆ្នាំមានការអភិវឌ្ឍរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ ជីវភាព ពិសេសលំនៅដ្ឋានរបស់បងប្អូន។ សង្ឃឹមថា បងប្អូនដែលមិនទាន់បានធ្វើការដាំដុះដំណាំ សូមអញ្ជើញធ្វើការដាំដុះ ដើម្បីបង្កើនជីវភាពគ្រួសារ ពិសេសបានផ្តល់បរិស្ថានល្អសម្រាប់ការរស់នៅ ឆ្លើយតបទៅនឹងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំដោះស្រាយលំនៅដ្ឋាន ដីធ្លីជូនកងទ័ព គ្រួសារកងទ័ព។ ផ្តើមចេញពីការកសាងលំនៅដ្ឋាន ផ្ទះស្នាក់នៅ និងបែងចែកដីធ្លី ថ្ងៃក្រោយបងប្អូនចូលនិវត្តមានដីធ្លីបង្កបង្កើនផល មានលំនៅដ្ឋានស្នាក់នៅសមរម្យ ដូច្នេះយើងចូលរួមការដាំដុះ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ ហើយអ្វីដែលសំខាន់បងប្អូនត្រូវខិតខំដាំដុះទទួលបានផ្លែផ្កានៃភោគផលនាពេលខាងមុខ។ ទន្ទឹមនោះ សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យថៃខាង មកពីខេត្តព្រះសីហនុ បានមកជួយពិនិត្យសុខភាពជូនបងប្អូនកងទ័ពបានចំនួន ២៧១នាក់ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានធ្វើការដឹកនាំយ៉ាងស្វាហាប់ លើកិច្ចការសង្គមបានល្អលឿនឆាប់ ទោះបីដំណាក់កាលពិភពលោកជួបបញ្ហាប្រឈម និងសន្តិសុខ តែកម្ពុជាមានដំណើរការល្អ។ លើសពីនេះ ការគ្រប់គ្រងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមានភាពស្អាតស្អំចាកផុតពីគ្រឿងញៀនធ្វើឱ្យមានការប្រែប្រួលយ៉ាងឆាប់រហ័ស ហើយកងទ័ពរបស់យើងមិនមានការពាក់ព័ន្ធនឹងគ្រឿងញៀន ប្រសិនបើមានការពាក់ព័ន្ធគ្រឿងញៀន មិនអនុញ្ញាតឱ្យបំរើការងារ ហើយមន្ត្រីរាជការ ក៏ត្រូវពិនិត្យរកសារធាតុញៀនដូចគ្នាផងដែរ តែបងប្អូនកងទ័ពបានធ្វើមួយជំហានមុនមន្ត្រីរាជការ ព្រោះបញ្ហាគ្រឿងញៀនធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម។ ក្នុងឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ចំពោះកងកម្លាំង មន្ត្រីរាជការត្រូវមានភាពស្អាតស្អំ មិនត្រូវពាក់ព័ន្ធនិងគ្រឿងញៀន ព្រោះគ្រឿងញៀនមិនមានផលចំណេញនោះទេ មានតែខាតបង់ដូចជា ថវិកា សុខភាព អំពើហិង្សាក្នុងគ្រួសារ ប៉ះពាល់វ័យបន្តពូជ ប៉ះពាល់ធនធានមនុស្ស។ យើងត្រូវខិតខំចៀសឱ្យផុតពីគ្រឿងញៀនទាំងអស់គ្នា។ សូមទាំងអស់គ្នាបេ្តជ្ញាចិត្តមិនមានការពាក់ព័ន្ធនឹងគ្រឿងញៀន បើយើងជ្រើសរើសយកការងារ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន បើយកគ្រឿងញៀន ត្រូវចាកចេញពីការងារ។ ដូច្នេះយើងត្រូវរួមគ្នាការពារ ទប់ស្កាត់ការនាំចូលនាំចេញគ្រឿងញៀនខុសច្បាប់ ដែលជាការបំផ្លាញសុខភាពរបស់ប្រជាពលរដ្ឋរបស់យើងធ្វើឱ្យសង្គមរបស់យើងគ្មានគ្រឿងញៀនទទួលបានមូលធនមនុស្ស សម្រាប់លើកមុខមាត់សង្គមជាតិរបស់យើង។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា រដូវនេះ គឺជារដូវចូលឆ្នាំខ្មែរជិតមកដល់គណៈប្រតិភូខេត្តព្រះសីហនុ តែងតែមកសួរសុខទុកកងទ័ព គ្រួសារទ័ព និងបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមកឧបត្ថម្ភ និងចែកជូនកងទ័ព គ្រួសារទ័ព ទិសខេត្តឧត្តមមានជ័យ យើងត្រូវនាំគ្នាប្រុងប្រយ័ត្នចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នា ព្រោះគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យបាត់បង់អាយុជីវិត និងជនមានពិការភាពដែលជាក្តីកង្វល់របស់រាជរដ្ឋាភិបាលផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតមានដូចជា៖ គ្រឿងឧបភោគ បរិភោគ និងថវិកាក្នុងនោះ ១.ត្រីចំហ៊ុយ ១៦២ជៀល, ២.បង្គាស្រស់ ២០គីឡូ, ៣.មឹកស្រស់ ២០គីឡូ, ៤.បង្គារក្រៀម ២០គីឡូ, ៥.ត្រីឆ្អើរ ២០០គីឡូ, ៦.ត្រីងៀត ២០០គីឡូ, ៧.ប្រហុក ៥០គីឡូ, ៨.ផ្អក ៥០គីឡូ, ១០.ទឹកស៊ីអ៊ីវ ១០០យួរ, ១១.ទឹកត្រី ១០០យួរ, ១២.ទឹកបរិសុទ្ធ ១០០កេស, ១៣.ទឹកភេសជ្ជៈគ្រុឌកូឡា ៥០កេស, ១៤.ទឹកភេសជ្ជៈ V-ACTIVE ៥០កេស, ១៥.ស្រាបៀគ្រុឌ និងវឌ្ឍនៈ ៣០០កេស, ១៦. ឱសថ ១៦មុខ។ គ្រួសារកងទ័ព ២៥៣នាក់ ក្នុង ១នាក់ ទទួលបាន អង្គរ ២៥គីឡូ, មី ១កេស, ថវិកា ៥០,០០០៛។ ជូនលោកគ្រូ អ្នកគ្រូ ៧នាក់ ក្នុង១នាក់ ថវិកា ១០០,០០០៛ សិស្សានុសិស្ស ២៣៧នាក់ ក្នុង ១នាក់ សៀវភៅ ៥ក្បាល ប៊ិច ២ដើម ថវិកា ១០,០០០រៀល។ ផ្តល់ថវិកាដល់ទីបញ្ជាការអង្គភាពកងពលតូចអន្តររាគមន៍លេខ ៤ ២០,០០០,០០០រៀល និងវរសេនាតូចចំនួន៤ ក្នុងមួយវរៈសេនាតូចទទួលបានថវិកា ៥,០០០,០០០រៀល។ ជូនកងទ័ពប្រចាំការ ១,២០៥ នាក់ ក្នុង ១នាក់ ៥០,០០០រៀល ផងដែរ ៕