សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីបើកសម័យប្រជុំដំបូង ព្រឹទ្ធសភានីតិកាលទី៥
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកសម័យប្រជុំដំបូង ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ មានការយាងនិងអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឥស្សរជនជាតិ ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ព្រមទំាងឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត-រដ្ឋទូត បណ្តាប្រទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដៃគូអភិវឌ្ឍន៍នានា ព្រមទំាងភ្ញៀវជាតិនិងអន្តរជាតិ ជាច្រើនយ៉ាងអធិកអធមជាទីបំផុត។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវព្រះរាជហឫទ័យសោមនស្សរីករាយក្រៃលែង ថ្វាយនិងជូនចំពោះ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកានៃព្រឹទ្ធសភានីតិកាលទី៥ និងមានព្រះរាជបន្ទូលឱ្យរួមគ្នាបំពេញតួនាទីភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តិទៅបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។
ព្រឹទ្ធសភា គឺជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ព្រឹទ្ធសភាមានសមាជិក ស្មើនឹងពាក់កណ្តាលនៃសមាជិករដ្ឋសភាចំនួន៦២រូប នៅក្នុងនោះមាន៥៨ ត្រូវជ្រើសតំាងតាមរយៈការបោះឆ្នោតអសកល ២ រូបត្រូវចាត់តំាងដោយព្រះមហាក្សត្រ និង ២ រូបទៀតជ្រើសតំាងដោយរដ្ឋសភាតាមមតិភាគច្រើន។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងមកនេះ មានគណបក្សចំនួន៤ចូលរួមប្រកួតប្រជែង មាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធផល គណបក្សប្រជាជនឈ្នះទទួលបានអាសនៈចំនួន៥៥ ចំណែកគណបក្សឆន្ទៈខ្មែរ ទទួលបាន៣អាសនៈ៕