ឯកឧត្ដម ប្រាក់ សុខុន ជាប់ជាអនុប្រធានព្រឹទ្ធសភាទី១ ខណៈឯកឧត្ដម អ៊ុច បូររិទ្ធ ជាអនុប្រធានទី២
ភ្នំពេញ៖ នៅក្នុងសម័យប្រជុំដំបូងរបស់ខ្លួននៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ សមាជិកព្រឹទ្ធសភាទាំងអស់បានសម្រេចបោះឆ្នោតជ្រើសតាំងប្រធាននិងអនុប្រធានទាំងពីរនៃព្រឹទ្ធសភា ដោយក្នុងនោះសម្ដេចតេជោ ហ៊ុន សែន ត្រូវបានសមាជិកព្រឹទ្ធសភាទាំងអស់បោះឆ្នោតគាំទ្រឲ្យក្លាយជាប្រធានព្រឹទ្ធសភា ខណៈឯកឧត្ដម ប្រាក់ សុខុន ជាអនុប្រធានទី១ និងឯកឧត្ដម អ៊ុច បូររិទ្ធ ជាអនុប្រធានទី២។
ឯកឧត្ដម ប្រាក់ សុខុន ត្រូវបានសមាជិកព្រឹទ្ធសភាបោះឆ្នោតគាំទ្រក្នុងសំឡេង ៦២លើ៦២សំឡេង និងឯកឧត្ដម អ៊ុច បូររិទ្ធ ទទួលបានការគាំទ្រក្នុងសំឡេង៦២លើ៦២សំឡេង។
សូមរំលឹកថា ឯកឧត្ដម ប្រាក់ សុខុន គឺជាអតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា ខណៈឯកឧត្ដម អ៊ុច បូររិទ្ធ ត្រូវបានព្រះមហាក្សត្របញ្ចប់តំណែងពីទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកាលពីថ្ងៃទី២ ខែមេសា៕