រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងគ្រប់រូបភាព ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដំណើរបេសកកម្មចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរស.ក.ដ ខេត្តរតនគិរី នារសៀលថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីការជួបសំណេះសំណាល នៅមន្ទីរស.ក.ដ ខេត្តស្ទឹងត្រែង។ ក្នុងពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ងិន ណែល អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី។
បន្ថែមពីលើ ការផ្តល់អនុសាសន៍ល្អៗ ដើម្បីជាការណែនាំដល់មន្រ្តីរាជការ និងបុគ្គលិក សម្រាប់យកទៅអនុវត្តការងារបន្ត ឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យមន្ទីរ យកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មាន និងបញ្ជ្រាបការយល់ដឹង ជុំវិញវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យបានទូលំទូលាយទៅកាន់បងប្អូនប្រជាពលរដ្ឋ និងរួមគ្នាលុបបំបាត់នូវព័ត៌មានមិនមានប្រភពច្បាស់លាស់ និងការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានដែលហួសពីការពិត។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួង ក៏បាននាំយកនូវ សម្ភារ-បរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ ១០០មួក ស្ទីកគឺរចំណាំងផ្លាត ៥,០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ២០០បាវ ប្រគល់ជូនឱ្យមន្ទីរសម្រាប់ប្រើប្រាស់លើការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ផងដែរ ៕