ព្រះមហាក្សត្រ ផ្ញើព្រះរាជសារ អបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា អាណត្តិទី៥
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើព្រះរាជសារ សម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ ។
តាមរយៈព្រះរាជសារនេះ ព្រះអង្គមានបន្ទូលកោតសរសើរដ៏កក់ក្តៅជូន សម្តេចតេជោ ជាប្រមុខដឹកនាំជាតិ ដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់បំផុត បានដឹកនាំដ៏ត្រឹមត្រូវ ប្រទេសជាតិឱ្យមានសន្តិភាព ព្រមទាំង កសាងសមិទ្ធផលជាតិជាច្រើនគ្រប់បែបយ៉ាងលើគ្រប់វិស័យ និងបានខិតខំបំបាត់ភាពក្រីក្រ លើកតម្កើងជីវភាពប្រជាជនក្នុងសង្គមជាតិ និងលើកតម្កើងកិត្យានុភាពនៃប្រជាជាតិយើង នៅ លើឆាកជាតិ និងអន្តរជាតិ។
ព្រះអង្គជឿជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ នឹងបន្តដឹកនាំព្រឹទ្ធសភា ក្នុងការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យ បានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញនៃជាតិយើង និងមានការគោរពប្រតិបត្តិច្បាប់ឱ្យបាន ល្អប្រពៃ ដោយថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ជាតិ ព្រមទាំងការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានគង់វង្ស គឺជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់បានបានប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន សម្តេចអគ្គមហា សេនាបតីតេជោ សូមទទួលបាននូវមហាព នូវមហាជោគជ័យបន្ថែមទៀតលើបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បី ជាឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕