សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើកំណែទម្រង់មុខងារសាធារណៈ មិនមែនធ្វើពេលនេះ ឬឆ្នាំក្រោយនោះទេ គឺត្រូវធ្វើជាប់ជាប្រចាំ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការធ្វើកំណែទម្រង់មុខងារសាធារណៈ មិនមែនធ្វើតែក្នុងពេលនេះ ឬធ្វើក្នុងឆ្នាំក្រោយឡើយ គឺត្រូវធ្វើជាប់ជាប្រចាំ ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នាថ្ងៃទី៤ មេសានេះ សម្ដេចធិបតី បានមានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។
សម្ដេចធិបតី លើកឡើងថា រាជរដ្ឋាភិបាលមានភាពចាំបាច់ ក្នុងការបន្ដកំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឲ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត ហើយបំពេញការងារ នៅក្នុងជីវភាពប្រព័ន្ធតួអង្គតែមួយ ដោយធានាបានប្រសិទ្ធភាពខ្ពស់ នៅក្នុងគ្រប់ទិដ្ឋភាព នៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃ នៅលើការអនុវត្តគោលនយោបាយយុទ្ធសាស្ដ្រ នៅក្នុងបរិការ នៃការវិវត្តន៍ ប្រែប្រួលយ៉ាងឆាប់រហ័ស នៅក្នុងសភាពការណ៍សង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេស ៕