នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដំឡើងឋានៈប្រធានមន្ទីរជំនាញនីមួយៗ ចំណុះរាជធានី-ខេត្ត ស្មើនឹងប្រធាននាយកដ្ឋាន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសដំឡើងឋានៈជូនប្រធានមន្ទីរជំនាញនីមួយ ដែលចំណុះឱ្យរដ្ឋបាលរាជធានី-ខេត្ត ឱ្យស្មើនឹងប្រធាននាយកដ្ឋាន។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី បញ្ជាក់ថា «តួអង្គគន្លឹះក្នុងការអនុវត្តន៍កិច្ចការឱ្យមានប្រសិទ្ធភាព គឺមន្ទីរជំនាញចំណុះរាជធានី-ខេត្ត ដែលជាសេនាធិការ ការទទួលខុសត្រូវខ្ពស់ ត្រូវការការគាំទ្រកាន់តែច្រើន ទី១ សិទ្ធិ ទី២ ធនធាន។ សិទ្ធិយើងបានប្រគល់ទៅហើយ តាមរយៈវិមជ្ឈការ និងវិសហមជ្ឈការ ដោយធ្វើប្រតិភូកម្មសិទ្ធិទៅឱ្យមូលដ្ឋាន។ ចំណែកធនធានមានមួយផ្នែកធំ ក៏បានទម្លាក់ទៅថ្នាក់មូលដ្ឋានដែរ។ ខ្ញុំគិតថា ដើម្បីជាការលើកទឹកចិត្ត ខ្ញុំបានជជែកជាមួយជំនាញខាងមុខងារសាធារណៈ ដូចអត់មានបញ្ហាទេ បច្ចុប្បន្នប្រធានមន្ទីរមានឋានៈកម្រិតអនុប្រធាននាយកដ្ឋាន ស័ក្តិ៣ ឥឡូវយើងរៀបចំជំរុញឱ្យប្រធានមន្ទីរឡើង ស័ក្តិ៤ ឡើងកម្រិតប្រធាននាយកដ្ឋានតែម្តង» ៕