ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌល The Premier Center Sen Sok។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការដ្ឋាន កែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមមានការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យ អប់រំ វិស័យសុខាភិបាល ជាដើម។
សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ត្រូវបន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការ ជ្រើសរើសមន្ត្រីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការដែល រាជរដ្ឋាភិបាល បានផ្ដល់គោលការណ៍អនុញ្ញាត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា នីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួង ស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយ អស់ចិត្ត”។ អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺរដ្ឋបាលសាធារណៈរឹងមាំ បត់បែន និងមានប្រសិទ្ធភាព។ ដើម្បីបានរដ្ឋបាលសាធារណៈរឹងមាំ និងមានប្រសិទ្ធភាប គឺត្រូវចាប់ផ្តើមធ្វើ ហើយធ្វើទាំងអស់គ្នាទាំងថ្នាក់ជាតិ និងក្រោមជាតិ។ សម្តេចធិបតីបន្តថា ដើម្បីសម្រេចបានផែនការលើកម្ពស់ការងាររដ្ឋបាលសាធារណៈ គឺត្រូវមានចិត្ត មានបេះដូងតែមួយ ហើយត្រូវក្លាហានហ៊ានធ្វើ ហ៊ានសម្រេចចិត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែមានតម្លៃដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជា ប្រចាំឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាជន។ កង្វះមន្ត្រីជារឿងមួយ ប៉ុន្តែការរើសមន្ត្រីបំពេញការងារឱ្យត្រូវ ហើយរក្សាឱ្យនៅជារឿងសំខាន់។ សម្តេចលើកទឹកចិត្តប្រើប្រាស់មន្ត្រីដែលមានស្រាប់ឱ្យអស់លទ្ធភាព ប្រសើរជាងការរើសថ្មី។
នាឱកាសនេះ សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីមួយចំនួន នៃក្រសួងមុខងារសាធារណៈផងដែរ៕