សមត្ថកិច្ចចាប់ខ្លួន បុគ្គលឈ្មោះ ដែន សូនី ដែលប្រើហិង្សាលើស្ដ្រីម្នាក់ និងបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនបុគ្គលឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (DEN SONY) ដែលប្រើអំពើហិង្សាលើស្ដ្រីម្នាក់នៅបន្ទប់ជួលមួយកន្លែង ត្រូវយកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី។
ការចាប់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ។
បើយោងតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ គង់ សុខសែង ហៅ DEN SONY អាយុ៣៥ឆ្នាំ បានចូលក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ យកដៃបោចសក់ទាញចេញមកខាងក្រៅរួចយកដៃវាយមុខជនរងគ្រោះចំមួយដៃ ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។
ដោយឡែកជនរងគ្រោះឈ្មោះ សំ លក្ខណា អាយុ២៥ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕