រដ្ឋមន្ត្រីក្រសួងធម្មការ អញ្ជើញកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឆ្នាំសិក្សា២០២៤-២០២៥
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឆ្នាំសិក្សា ២០២៤ ដោយមានការនិមន្តចូលរួមពីសំណាក់ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹប ព្រះអគ្គាធិការរង, សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ អគ្គាធិការរង,សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអគ្គាធិការរង, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអគ្គាធិការរង , សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសកលវិទ្យាធិការ និងព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណនិងបេក្ខជនជាច្រើនអង្គ/នាក់ នៅមណ្ឌលរាជធានីភ្នំពេញ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការរីកចម្រើនផ្នែកពុទ្ធិកសិក្សា ស្របតាមកន្លងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព នយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍន៏លើកគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី៧ ដែលបន្តដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា បានយកចិត្តទុកដាក់ទាំងវិស័យអាណាចក្រនិងពុទ្ធិចក្រ ។
ស្របពេលឯកឧត្តម រដ្ឋមន្រ្តី សូមឲ្យសមណនិស្សិត និងនិស្សិត ពង្រឹងនៅស្មារតីយកចិត្តទុកដាក់នៅក្នុងការប្រលងនៅថ្ងៃនេះ ពិសេសគោរពនូវវិន័យដែលរបស់មណ្ឌលប្រលងឲ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបជូនថា ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឆ្នាំសិក្សា២០២៤-២០២៥នេះ មានសមណនិស្សិត និងនិស្សិត ដាក់ពាក្យប្រលងសរុបចំនួន៩៥២អង្គ/នាក់៕