អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងផ្តល់ជូនកញ្ចប់អាហារស្រាយបួស ដល់សាសនិកឥស្លាម ៣០០គ្រួសារ
ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ និងថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញ សំណេះសំណាល និង ផ្តល់ជូនកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ដល់សាសនិកឥស្លាម ៣០០គ្រួសារ ក្នុងវិហារឥស្លាម នៅភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ដោយសារប្រទេសយើងមានសុខសន្តិភាព មានការរីកចម្រើនគ្រប់វិស័យ ទើបយើងអាចមានឱកាស មកជួបជុំប្រារព្ធពិធីសាសនាទៅតាមជំនឿរៀងៗខ្លួន ក៏ដូចជាការជួបជុំ សំណេះសំណាល និងផ្តល់ជូនកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ក្នុងឱកាសនេះ ។ ទន្ទឹមនិងនេះដែរ កត្តាសុខសន្តិភាព ធ្វើឲ្យយើងមានលទ្ធភាពក្នុងការធ្វើដំណើរទៅខាងក្រៅប្រទេស ដើម្បីរកជំនួយពីសប្បុរសជន ផ្ដល់មកតាមរយៈថ្នាក់ដឹកនាំសហគមន៍ ដើម្បីយកមកជួយផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋយើង តាមបណ្ដាខេត្ត ឬតាមបណ្ដាវិហារនីមួយៗ ។
ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងទៀតថា កត្តាសុខសន្តិភាពនេះផងដែរ ក៏បានផ្ដល់នូវសិទ្ធិសេរីភាព ផ្នែកសាសនា តាមរយៈរាជរដ្ឋាភិបាល បានបើកឱកាសឲ្យបងប្អូន ប្រារព្ធនូវការជួបជុំ ធ្វើកិច្ចសាសនាទៅតាមជំនឿរៀងៗខ្លួន ដោយការប្រារព្ធនោះ មិនដែលមានវិវាទផ្នែកសាសនាមួយ ទៅសាសនាមួយ នោះឡើយ ពោលគឺប្រជាពលរដ្ឋយើង នូវគ្រប់សាសនា បានទទួលផលពីកត្តាសុខសន្តិភាពនេះគ្រប់ៗគ្នា ៕