ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាការងារសហប្រតិបត្តិការជាមួយស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រីភាគីរវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅស្ថានទូតសហភាពអឺរ៉ុបក្នុងទីក្រុងភ្នំពេញនាពេលនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមតំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងសហការីជាច្រើនរូប និងតំណាងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងធ្វើការផ្លាស់ប្តូរមតិយោបល់ដើម្បីកសាងផែនការយុទ្ធសាស្រ្ត សហប្រតិបត្តិការយូរអង្វែងទៅមុខទៀតលើវិស័យគ្របគ្រងធនធានទឹក និងឧតុនិយម ប្រកបដោយភាពវៃឆ្លាតរវាងក្រសួងធនធានទឹក និងឧតុនិយម និងសហភាពអឺរ៉ុប ៕