ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តវិចិត្តារាម ខណ្ឌច្បារអំពៅ ដែលអាយុកាល ១០៨ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តវិចិត្តារាម ស្ថិតក្នុងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តវិចិត្តារាម នាឱកាសនេះក៏មានការអញ្ជើញពី សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះ មហាសង្ឃរាជ នៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះថេរានុត្ថេរ ឯកឧត្តម ប៊ុន បុណ្យសារ៉ាត់ អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោកយាយ លោកតា សិស្សានុសិស្ស និងពុទ្ធបរិស័ទជាច្រើនផងដែរ។
គិតត្រឹមឆ្នាំ២០២៤នេះ វត្តវិចិត្តារាម មានអាយុកាល១០៨ឆ្នាំហើយ ជាក់ស្តែងក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាពពេញលេញ វត្តវិចិត្តារាម បានសាងសង់កុដិ ព្រះវិហារ សាលា ធម្មសភា ការរៀបចំប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់នានាជាច្រើន ពិសេសសមិទ្ធផលដ៏គួរជាទីជ្រះថ្លា ដែលកំពុងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះស្រាប់។
ក្នុងអង្គពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន អំពីវឌ្ឍនភាពនៃការរីកចម្រើនរបស់កម្ពុជាបន្ទាប់ពីទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោយពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រដូចជា មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់ផែ ផ្លូវល្បឿនលឿន ជាដើម។ ភាពរីកចម្រើនទាំង វិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ បានលើកកម្ពស់គុណភាពនៃការរស់នៅ ការប្រតិបត្តិសាសនារបស់ប្រជាជនកម្ពុជា ដូចមានជាឧទាហរណ៍នូវអាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣ បានកើនឡើងរហូតដល់ទៅ ៧៦ឆ្នាំ ខណៈកាលពីឆ្នាំ១៩៩៣ អាយុសង្ឃឹមរស់ របស់ប្រជាពលរដ្ឋ គឺមានត្រឹមតែ ៥៦ឆ្នាំប៉ុណ្ណោះ (កើន ២០ឆ្នាំ)៕