លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សមាគមកាយឫទ្ធិនារីកម្ពុជា ឈរលើមូលដ្ឋានក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលយុវតី-យុវនារីកម្ពុជា ឱ្យទទួលបានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅ
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា សមាគមកាយឫទ្ធិនារីកម្ពុជា ឈរលើមូលដ្ឋានក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលយុវតី-យុវនារីកម្ពុជា ឱ្យទទួលបាននូវចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅ និងអាចបំពេញការងារក្នុងសង្គមបានយ៉ាងល្អប្រសើរបន្ថែមពីនេះសមាគម ក៏មានយន្តការលើកស្ទួយ និងគាំទ្រដល់សកម្មភាព នៃសប្បុរសធម៌សង្គមដទៃផ្សេងទៀតផងដែរ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍បែបនេះនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ខណៈលោកជំទាវបណ្ឌិត និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា អញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន២៩៦នាក់ នៅក្នុងសាលារាជធានីភ្នំពេញ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍បន្តថា ដោយឡែកនាដើមឆ្នាំ២០២៤នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌នេះ ដើម្បីចែករំលែកក្តីស្រលាញ់ដល់ សមាជិកត្រីចក្រយាននៅកម្ពុជា ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ដោយមានការសម្របសម្រួលពីសាលារាជធានីភ្នំពេញ។
គួរបញ្ជាក់ថាមូលនិធិត្រីចក្រយានកម្ពុជានេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអាណានិគមនិយមបារាំង៕