ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ខេត្តកំពង់ធំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងសមាភាពក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក។
សូមជម្រាបថា ពិធីនេះប្រព្រឹត្តទៅនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ឃុំ និងលោក លោកស្រីសមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ឃុំ ព្រមទាំងសមាជិក សមាជិកា គណបក្សចូលរួមជាច្រើនរូបផងដែរ។
គួរបញ្ជាក់ថា តាមសេចក្តីសម្រេចលេខ ០៤៣/០១២៤/សស.គក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ស្តីពីការកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ជា ចាន់តូ ត្រូវបានចាត់តាំងជាប្រធានកិត្តិយសក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម វង្សី វិស្សុត ត្រូវបានផ្ទេរភារកិច្ចពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងមកជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ជំនួសឯកឧត្តម ថោង ខុន ដែលត្រូវបានសម្រួលភារកិច្ចជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និង ឯកឧត្តម ម៉ៅ សុផាន់ ឯកឧត្តម ថោ ជេដ្ឋា អ្នកឧកញ៉ា ទ្រី ភាព ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ៕