ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះត្រួតពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តឆ្នុកទ្រូ ក្នុងខេត្តព្រៃវែង
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយនាយកដ្ឋានធារាសាស្ត្រកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះត្រួតពិនិត្យគម្រោងការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រធ្នុកទ្រូ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រឆ្នុកទ្រូ បានជួសជុល និងស្តារឡើងវិញក្នុងឆ្នាំ២០១៣ និងបញ្ចប់នៅឆ្នាំ២០១៥ ក្រោមហិរញ្ញប្បទានសម្បទានពីIMF។ ចាប់តាំងពីឆ្នាំ២០១៥មក ប្រព័ន្ធធារាសាស្ត្រនេះ ពុំធ្លាប់ទទួលបានគម្រោងជួសជុល និងស្តារឡើងវិញនោះទេ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងការងារថែទាំខួបលើប្រព័ន្ធធារាសាស្ត្រធ្នុកទ្រូទំាងមូល ដោយមានទំហំការងារដូចជា៖ ទី១).ជួសជុលទំនប់ចំនួន ១ខ្សែ ប្រវែង ៥,៧០០ម៉ែត្រ, ទី២).ជួសជុលប្រឡាយមេចំនួន ២ខ្សែ ប្រវែង ៣,១៧០ម៉ែត្រ, ទី៣)ជួសជុលសំណង់បង្ហៀរចំនួន៤កន្លែង ប្រវែង ២៧៥ម៉ែត្រ, ទី៤)ថែទាំសំណង់សិល្បការតូច-ធំសរុបចំនួន ២៣កន្លែង និងទី៥)សាងសង់សំណង់លូបន្ថែមថ្មីសរុបចំនួន ០៥កន្លែង។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងត្រូវយកចិត្តទុកដាក់លើការងារជួលជុលសំណង់ដី ការថែទាំសំណង់សិល្បការដែលមានស្រាប់ និងការសាងសង់សំណង់ថ្មីបន្ថែមឱ្យមានគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹកចុះផ្សព្វផ្សាយពីការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ និងចូលរួមថែរក្សាប្រព័ន្ធនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង។
គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តធ្នុកទ្រូ ដែលស្ថិតក្នុងឃុំចំនួន៣ គឺឃុំព្រៃស្នៀត ឃុំរាប និងឃុំរកា នៃស្រុកពារាំង បានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងមួយភាគទៀតពីទន្លេតូចដែលជាដៃទន្លេមេគង្គ ដើម្បីស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សា ៥,៣៧៥ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ១,៩២៧ហិកតា ស្រូវប្រាំងលើកទី២ ចំនួន ១,៩២៧ហិកតា និងដំណាំរួមផ្សំមួយចំនួនទៀត ៕