ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមចំនួន៣៨ ទទួលបានកញ្ចប់ជំនួយហិរញ្ញប្បទានសហគ្រិនខ្មែរ ដើម្បីស្តារ និងពង្រីកអាជីវកម្ម
ភ្នំពេញ៖ សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយ ហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងន័យគាំទ្រសហគ្រាសស្ដារលទ្ធភាព ពង្រឹងប្រតិបត្ដិការអា ជីវកម្ម និងបង្កើន សក្ដានុពល នាំចេញ។
កម្មវិធីនេះបានប្រព្រឹត្ដទៅ នៅអគារមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាព របស់ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។
សហគ្រិនខ្មែរ បានសម្រាំងនិងជ្រើសរើស បានធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣៨ សម្រាប់កម្មវិធី កញ្ចប់ជំនួយសហគ្រិនខ្មែរ ដែលមានគោលបំណង ផ្តល់ថវិកាជូន សហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រការស្តារ អាជីវកម្ម និងការរក្សាលំនឹងក្នុងការចាប់យកឱកាសថ្មីដើម្បីពង្រីកអាជីវកម្មទៅតាមវិស័យរៀងៗខ្លួន។
ឯកឧត្ដមរដ្ឋមន្ត្រី ហែម វណ្ណឌី បានមានប្រសាសន៍ថា សហគ្រិនខ្មែរ ដែលជាបរធនបាល របស់រាជរដ្ឋាភិបាលបានកសាង សមិទ្ធផលជោគជ័យមួយចំនួន ហើយនឹងបន្តបេសកកម្មរបស់ខ្លួន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពបន្ថែម ទៀតដោយផ្តោតជាពិសេស លើការថែបំប៉នសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី។ តាមរយៈវិធីសាស្រ្តដ៏ទូលំទូលាយដែល រួមមានទាំងការផ្តល់ជំនួយបច្ចេកទេស និងយន្តការហិរញ្ញប្បទានដ៏រឹងមាំ សហគ្រិនខ្មែរមានបំណង ផ្តល់ភាពអង់អាចដល់ សហគ្រាសទាំងនេះដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងក្នុងតំបន់និងពិភពលោក របស់ពួកគេ និងរួមចំណែកដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ២០២០មក សហគ្រិនខ្មែរ បាននឹងកំពុងអនុវត្ដកម្មវិធីជាច្រើន ដើម្បីផ្តល់ជំនួយហិរញ្ញប្បទានដោយ ផ្ទាល់ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមរាប់រយមកពីបណ្ដាខេត្ដ-ក្រុង ទូទាំងប្រទេសកម្ពុជា។ ការគាំទ្រ របស់សហគ្រិនខ្មែរដល់សហគ្រាសក្នុងស្រុកដូចជា ការបណ្តុះពន្លកសហគ្រិនកម្រិតវិទ្យាល័យ ដើម្បីចាក់ឫសវប្បធម៌ សហគ្រិនភាព ការផ្តល់វគ្គបណ្តុះបណ្តាល ទៅកាន់ធុរកិច្ចបង្កើតថ្មី ការបង្កើតវេទិកាប្រកួតប្រជែង គំរូអាជីវកម្ម ការភ្ជាប់ ទំនាក់ទំនងសហគ្រិន ជាមួយវិនិយោគិន និងការផ្តល់ហិរញ្ញប្បទាន តាមរយៈកម្មវិធីនានា។
ថ្លែងក្នុងកម្មវិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទាននេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានលើកឡើងថា តបតាមការណែនាំរបស់ក្រុមប្រឹក្សាបរធនបាល សហគ្រិនខ្មែរ នឹងបន្តការគាំទ្ររបស់ខ្លួន តាមរយៈការបង្កើតនូវកម្មវិធីដែលមានអត្ថប្រយោជន៍បន្ថែមទៀត ដែលហៅថា កញ្ចប់ជំនួយសហគ្រិនខ្មែរ ដល់សហគ្រិនដែលធ្លាប់បានឆ្លងកាត់ និងទទួលភាពជោគជ័យ ជាមួយសហគ្រិនខ្មែរកន្លងមក។
កិច្ចការនេះ ត្រូវបានធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពសហគ្រិន និងបង្កើនលទ្ធភាពឈរជើង នៅលើទីផ្សារបាន ទូលំទូលាយ ព្រមទាំងបង្កើននូវប្រសិទ្ធភាព ប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់។
សម្រាប់សហគ្រិន ដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ សូមចុះឈ្មោះបង្ហាញចំណាប់អារម្មណ៍តាមតំណភ្ជាប់ ខាងក្រោម៖ កញ្ចប់ជំនួយសហគ្រិនខ្មែរ។
សហគ្រិនខ្មែរ ដែលជាស្ថាប័នរាជរដ្ឋាភិបាល ដែលមានគោលបំណងកៀរគរវិនិយោគ និងគ្រប់គ្រងធនធាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនដ៏រស់រវើកនៅកម្ពុជា ដោយជំរុញសកម្មភាព សហគ្រិនទៅដល់ការច្នៃប្រឌិត និងការបង្កើត តម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។
សហគ្រិនខ្មែរ មានចក្ខុវិស័យ ក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការ លើកកម្ពស់សកម្មភាពសហគ្រិន ក្នុងវិស័យអាទិភាពចំនួន៤ វិស័យបច្ចេកវិទ្យាផ្តោត លើបច្ចេកវិទ្យាក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោតលើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូនវិស័យកសិកម្ម ផ្តោតលើផលិតផលកែច្នៃ សម្រាប់ការ ប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ និងវិស័យកម្មន្តសាលផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំ ឧស្សាហកម្មសហគ្រាសធុនតូច និងមធ្យម ៕