ក្រសួងការងារ រៀបចំ “សង្ក្រានខ្មែនៅថៃ នៅតាមតំបន់ជាច្រើនដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
ភ្នំពេញ៖ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារយុវជន ESEA នៅប្រទេសថៃ សហការជាមួយស្ថានទូតកម្ពុជានៅប្រទេសថៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំសង្ក្រាន្តខ្មែរនៅថៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅតាមតំបន់ជាច្រើនក្នុងប្រទេសថៃ ដោយមានការចូលរួមពីបងប្អូនខ្មែរ សិស្ស និស្សិតដែលរស់នៅ សិក្សា និងប្រកបការងារក្នុងប្រទេសថៃសរុបប្រមាណជាង ១,៥០០នាក់ មកពីតំបន់ជាច្រើនដូចជា ខេត្តស៊ុរិន ខេត្តសៈរៈប៊ុរី ខេត្តរ៉ៈយ៉ង ខេត្តឈុនប៊ុរី ខេត្តសៈរៈប៊ុរី ខេត្តឆៈឈើងសៅ និងខេត្តសាមុតប្រាកាន។
កម្មវិធីនេះផ្ដើមដោយពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ លេងល្បែងប្រជាប្រិយមានបោះអង្គញ់ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងរាំលេងកម្សាន្ដ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាពស្រាលាញ់រាប់អានគ្នាដូចបងប្អូន។
លើសពីនេះកម្មវិធីមានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌និងអរិយធម៌ខ្មែរដ៏ផូរផង់ ៕