សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងផែនការ ត្រូវធ្វើទិន្នន័យឲ្យបានច្បាស់លាស់ ពីព្រោះទិន្នន័យជាផ្លូវរៀបចំផែនការបានត្រឹមត្រូវ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងផែនការនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទិន្នន័យត្រឹមត្រូវ ធ្វើឲ្យការដាក់ផែនការ បានល្អ និងជួយឲ្យរាជរដ្ឋាភិបាលរៀបចំគោលនយោបាយបានស៊ីជម្រៅ ដូច្នេះទិន្នន័យនេះគឺមាន សារសំខាន់ខ្លាំងណាស់ ដូច្នេះហើយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទិន្នន័យនេះ។
ជាមួយគ្នានោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងផែនការត្រូវបង្កើន សមត្ថភាព មន្រ្តីរបស់ខ្លួនជាប់ជាប្រចាំជាប់មិនដាច់ សម្រាប់ការងារអង្កេត ជំរឿនចាំបាច់នានា ជាពិសេសគឺ សមត្ថភាពផលិតទិន្នន័យ និងប្រែក្លាយទិន្នន័យឲ្យទៅជាព័ត៌មានលម្អិតជាក់លាក់ គ្រប់គ្រាន់ទាន់ពេល និង មានគុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការ សម្រាប់រាជរដ្ឋាភិបាល ប្រើប្រាស់ទាន់ពេលក្នុងការវាយតម្លៃ ស្ថានភាពកំពុងកើត ការវិភាគបញ្ហា និងការឆ្លើយតប ការលើកផែនការសម្រាប់អនាគតចំគោលដៅជាដើម ផងដែរ ៕