សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅឆ្នាំ២០៥០ខាងមុខ កម្ពុជានឹងប្រឈមការខ្វះកម្លាំងធនធានមនុស្សវ័យក្មេងយ៉ាងច្រើន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅឆ្នាំ២០៥០ខាងមុខ កម្ពុជានឹងប្រឈមការខ្វះកម្លាំងធនធានមនុស្សវ័យក្មេងយ៉ាងច្រើន បន្ទាប់ពីមានការថយចុះពីគម្លាតមានអាយុចាស់លើសកម្លាំងមានការកើនឡើង។
ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការថយចុះនៃភាគរយមនុស្សក្មេង និងមនុស្សចាស់ គឺជាបញ្ហាចោទផងដែរ បន្ទាប់ពីយើងបាននាំចេញកម្លាំងពលកម្មទៅក្រៅប្រទេសច្រើន ហើយប្រទេសជាច្រើនបានកំពុងខ្វះកម្លាំងពលកម្មវ័យក្មេងពិសេសនៅក្នុងតំបន់អាស៊ី។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បើទោះបីជាការព្យាករណ៍ផ្អែកលើទ័ន្នន័យជំរឿននេះ គិតថា កម្ពុជាមិនទាន់ជាមានបញ្ហាចោទនៅឆ្នាំ២០៥០ខាងមុខ ប៉ុន្ដែយើងបានឃើញសញ្ញាការថយចុះគម្លាតអ្នកមានអាយុចាស់លើសកម្លាំងចាប់ផ្ដើមកើនឡើង ហើយបើកំណើននៃអត្រាវាកាន់តែថយបន្ដទៀត កម្ពុជានឹងមានបញ្ហាប្រឈម។
ទន្ទឹមនឹងនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកឱ្យប្រជាពលរដ្ឋ និងគូរស្វាមីភរិយាថ្មី ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិត ជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យនៃការកង្វះកម្លាំង នាពេលអនាគត។
សម្តេចធិបតី បានបញ្ជាក់ថា ការមានកូននាពេលច្ចុប្បន្ននេះ គឺមានភាពងាយស្រួលជាងនៅឆ្នាំ២០៥០ខាងមុខនេះ ដោយសារតម្លៃ និងការធានានៃការចិញ្ចឹមកូន គឺខុសពីពេលបច្ចុប្បន្ន និងរួមទាំងផ្នត់គំនិតរបស់ប្រជាជនផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅឆ្នាំ២០៥០ ក្រសួងផែនការត្រូវតែជំរុញការអភិវឌ្ឍសមត្ថភាពជំនាញដល់យុវជនឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបទៅនឹងផែនការជំរុញអភិវឌ្ឍន៍ជាតិ សម្រាប់បញ្ចៀសបញ្ហាកង្វះកម្លាំងពលកម្ម និងប្រជាជនវ័យចាស់ដែលច្រើនជាងប្រជាជនវ័យ ក្មេងនៅកម្ពុជាក្រោយឆ្នាំ២០៥០ ៕