ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងប្រកាសស្តីពីបែបបទនីតិវិធី នៃការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ការស្នើសុំបញ្ជាក់ពីអត្តសញ្ញាណបុគ្គល ឬបញ្ជាក់ភាពត្រឹមត្រូវ នៃអត្តសញ្ញាណបុគ្គល និងលក្ខណៈបច្ចេកទេស នៃការការពារសុវត្ថិភាពអត្តសញ្ញាណបុគ្គល
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងប្រកាសស្តីពីបែបបទនីតិវិធី នៃការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ការស្នើសុំបញ្ជាក់ពីអត្តសញ្ញាណបុគ្គល ឬបញ្ជាក់ភាពត្រឹមត្រូវ នៃអត្តសញ្ញាណបុគ្គល និងលក្ខណៈបច្ចេកទេស នៃការការពារសុវត្ថិភាពអត្តសញ្ញាណបុគ្គល។
ជាបឋមក្នុងការបើកកិច្ចប្រជុំ ឯកឧត្តម បណ្ឌិត អគ្គនាយក មានប្រសាសន៍ស្វាគមន៍សមាជិក ក្នុងអង្គប្រជុំទាំងមូល ព្រមទាំងបានធ្វើការរំលឹកដល់អនុក្រឹត្យលេខ២៥២ ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល។ ដែលជាមាគ៌ាចង្អុលបង្ហាញឱ្យមានការរៀបចំសេចក្តីប្រកាសស្តីពីបែបបទនីតិវិធី នៃការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ការស្នើសុំបញ្ជាក់ពីអត្តសញ្ញាណបុគ្គល ឬបញ្ជាក់ភាពត្រឹមត្រូវ នៃអត្តសញ្ញាណបុគ្គល និងលក្ខណៈបច្ចេកទេស នៃការការពារសុវត្ថិភាពអត្តសញ្ញាណបុគ្គល នេះឡើង។ សេចក្តីប្រកាសនេះហើយជាក្លោងទ្វារ និងជាច្រកចូលសម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល ប្រកបដោយប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ។
ដោយទទួលបានការអនុញ្ញាត ពីឯកឧត្តម បណ្ឌិត អគ្គនាយក ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល បានធ្វើសេចក្តីរាយការណ៍សង្ខេបជូនអង្គប្រជុំទាំងមូលជ្រាប សេចក្តីព្រាងប្រកាសនេះគឺរៀបចំឡើងដោយមានការចង្អុលបង្ហាញពីអនុក្រឹត្យលេខ២៥២ ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ដែលមានចែងនៅក្នុងមាត្រាទី៨ និងមាត្រាទី១៦។ នៅក្នុងការរៀបចំសេចក្តីព្រាងប្រកាសនេះឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា និងលោកប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ព្រមទាំងក្រុមការងារបានប្រជុំឆ្លងជាមួយ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីតិកម្ម ចំនួន៤លើករួចមកហើយ។
ទន្ទឹមនឹងនេះកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សេចក្តីព្រាងប្រកាសនេះក៏បានដាក់យកមកប្រជុំពិនិត្យ ពិភាក្សា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អគ្គនាយក ម្តងរួចមកហើយ ដោយសម្រេចបានជំពូក និងបទបញ្ញត្តិមួយចំនួនគឺល្អ និងមួយចំនួនទៀតនៅមានភាពខ្វះចន្លោះ។ រហូតមកដល់ពេលនេះជំពូក និងបទបញ្ញត្តិ ដែលខ្វះចន្លោះទាំងនោះបានកែសម្រួល និងបន្ថែមរួចរាល់ហើយ ដោយរង់ចាំតែសុំគោលការណ៍ពិនិត្យ និងសម្រេចពី ឯកឧត្តម បណ្ឌិត អគ្គនាយក តែប៉ុណ្ណោះ។
ជាលទ្ធផលបន្ទាប់ពីបានស្តាប់ និងពិនិត្យលើរបាយការណ៍ នៃការកែសម្រួល និងបន្ថែមលើសេចក្តីព្រាងនេះ ឯកឧត្តម បណ្ឌិត អគ្គនាយក បានមានប្រសាសន៍ថា គឺជាសមិទ្ធផលមួយដែលល្អក្នុងការសម្រចបាន និងគ្រោងយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។
មុននឹងបញ្ចប់ ឯកឧត្តម បណ្ឌិត អគ្គនាយក ក៏មានមតិអរគុណ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល និងក្រុមការងារដែលខិតខំយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តក្នុងការរៀបចំសេចក្តីព្រាងប្រកាសនេះឡើង ព្រមទាំងធ្វើការផ្តាំផ្ញើដល់ឯកឧត្តម អគ្គនាយរង និងលោកប្រធាននាយកដ្ឋានទាំងអស់បន្តចូលរួមចំណែកគាំទ្រធ្វើយ៉ាងណាឱ្យការរៀបចំលិខិតបទដ្ឋានគតិយុត្តនេះប្រព្រឹត្តទៅសម្រេចឱ្យបានតាមផែនការ ទោះបីមិនទាំងស្រុង តែយ៉ាងណាធ្វើឱ្យប្រាកដថាលិខិតបទដ្ឋានគតិយុត្តសំខាន់ៗអាចសម្រេច និងអនុវត្តបាននាពេលខាងមុខប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕