មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន ១៨១ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤៨នាក់ រឹបអូសគ្រឿងញៀនជិត ២តោន នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ
ភ្នំពេញ៖ នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១៨១ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤៨នាក់ (ស្រី ៣៥នាក់) ធ្វើការរឹបអូសគ្រឿងញៀនបានចំនួន ១តោន ៧៨៣គីឡូក្រាម ២០៩.៨៣ក្រាម។
ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ បង្ក្រាបបានចំនួន ១,៦៣១ករណី ឃាត់ខ្លួនជនសង្ស័យ ៣,៩០៣នាក់ (ស្រី២៧០នាក់) ធ្វើការរឹបអូសគ្រឿងញៀនបានចំនួន ៨០គីឡូក្រាម ៣៩៥.១២ក្រាម។
លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងនេះ ត្រូវបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៤ និងផ្សព្វផ្សាយប្រកាស ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការចូលរួមជាអធិបតី ដោយឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ លោកឧត្តមសេនីយ៍ វរសេនីយ៍នាយករងមន្ទីរ និងលោកនាយការិយាល័យទាំង ១១ ការិយាល័យ ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានណែនាំឲ្យកងកម្លាំងចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងថ្នាក់ដឹកនាំដែលមានវត្តមាននៅទីនេះ ត្រូវអនុវត្តតាមសេចក្តីប្រកាសនេះ ឲ្យមានប្រសិទ្ធភាព ពិសេសពាក់ព័ន្ធទៅនឹងក្រមសីលធម៌ វិន័យរបស់កងកម្លាំងនគរបាលជាតិ។
ឧត្តមសេនីយ៍ឯកបន្តថា ទោះបីកងកម្លាំងរបស់យើង បង្រ្កាបបទល្មើសគ្រឿងញៀន ទទួលបានលទ្ធផលល្អប្រសើរ យ៉ាងណាក៏ដោយ ក៏បញ្ហាគ្រឿងញៀននេះ នៅតែមិនមានសញ្ញាថមថយនៅឡើយ។
ឧត្តមសេនីយ៍ឯកគូសបញ្ជាក់បន្តថា កន្លងទៅថ្មីៗនេះលោកបានចូលរួមកិច្ចប្រជុំនៅប្រទេសជិតខាង ផ្អែកតាមរបាយការណ៍ គឺថាមិនមានប្រទេសណាមួយ ដែលបានថមថយនូវបញ្ហាគ្រឿងញៀននេះទេ។ ដូច្នេះកម្ពុជាយើងក៏ជាប្រទេស ដែលរងគ្រោះនូវបញ្ហាគ្រឿងញៀននេះផងដែរ ។
អគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ចំនួន ២ចំណុច៖ ទី១-សូមឲ្យកងកម្លាំងយើងដកពិសោធន៍ នូវកិច្ចការដែលយើងបង្រ្កាបបានករណីធំៗ គឺត្រូវខិតខំឈ្វេងយល់ និងសិក្សាបន្ថែមទៀត និងទី២-ត្រូវខិតខំព្យាយាមលុបបំបាត់ នូវភាពអសកម្មនូវចំណុចខ្វះខាត ដែលយើងបានអនុវត្តកន្លងមក។
ឧត្តមសេនីយ៍ឯកបន្តថា យើងដឹងហើយថា នៅអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានយកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។ ដូចនេះយើងទាំងអស់គ្នាត្រូវខិតខំដកពិសោធន៍ល្អៗ ហើយអ្វីដែលខ្វះខាត គឺយើងត្រូវរួម គ្នាខិតខំលុបបំបាត់ឱ្យអស់ កុំឲ្យលុបបំបាត់នូវស្នាដៃដ៏ធំធេងរបស់យើង។ ពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមយើងជាមន្រ្តីនគរបាលយុត្តិធម៌។ ទន្ទឹមនោះ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៏សុំឲ្យបន្តកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិផងដែរ ។
ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ បានគាំទ្រនូវរបាយការណ៍ នៃកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៤ និងផ្សព្វផ្សាយប្រកាស ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា និងសូមកោតសរសើរ ថ្នាក់ដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលជាលទ្ធផលបង្រ្កាបបានករណីធំៗ ជាច្រើន ដើម្បីចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម និងសុខមាលភាព ជូនប្រជាពលរដ្ឋ។
ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ បានណែនាំបន្ថែមចំនួន៦ចំណុច ៖
១- ត្រូវគោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ជាមន្រ្តីនគរបាលជាតិ អនុវត្តឲ្យបានត្រឹមត្រូវតាមជំនាញនីតិវិធី និងច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន ក្នុងគោលបំណងបញ្ចៀសការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ។
២- ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងបង្រ្កាបគ្មានការលើកលែង ចំពោះបទល្មើសគ្រឿងញៀន គ្រប់ប្រភេទ។
៣- បង្កើនការយកចិត្តទុកដាក់ ការស៊ើបអង្កេត ស្រាវជ្រាវមុខសញ្ញាដែលនៅសេសសល់ និងករណីជួញដូរ ចែកចាយ កែច្នៃផលិតនូវសារធាតុញៀន។
៤- ហាមបង្ក្រាបករណីតូចតាច ដូចជាការប្រើប្រាស់គ្រឿងញៀនជាដើម គឺទុកឲ្យថ្នាក់ក្រោមជាតិជាអ្នកបង្រ្កាប។
៥- ផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឱ្យចូលរួមឲ្យបានផុសផុលក្នុងការរាយការណ៍ អំពីបទល្មើសគ្រឿងញៀន ក្នុងគោលបំណងចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។
៦- បង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ ដោយបើកវគ្គបណ្តុះបណ្តាលខ្លីៗ លើជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់៕