ឯកឧត្តម ស្វាយ សំអ៊ាង កោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងការពារព្រំដែន ដែលខិតខំក្នុងការបំពេញភារកិច្ចទប់ស្កាត់រាល់បទល្មើសនានា
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងការពារព្រំដែនដែលបានខិតខំរយះពេលកន្លងមកនេះក្នុងការបំពេញភារកិច្ចទប់ស្កាត់រាល់បទល្មើសនានា ដូចជាបញ្ហាគ្រឿងញៀន, បញ្ហាឆ្លងដែនខុសច្បាប់ជាដើម។
ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងបែននេះ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ខណៈ ឯកឧត្តម និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ផ្ដល់ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០១ និងកងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១។
ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹងនាំខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ ចុះជួបសំណេះសំណាលជាមួយកម្លាំងនគរបាលការពារព្រំដែនវរសេនាតូច៧០១ ដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីផ្ញើជូនទៅដល់កម្លាំងនគរបាលការពារព្រំដែនដែលឈរជើងនៅទីនេះ ក៏ដូចជាកន្លែងដទៃនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ជាការពិតណាស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត រួមទាំងថ្នាក់ដឹកនាំខេត្ត ក៏ដូចជាស្នងការនគរបាលខេត្ត តែងតែបានគិតគូរពីកម្លាំងនគរបាលឈរជើងរបស់យើងនៅតាមច្រកព្រំដែនកម្ពុជា-ឡាវ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងរបស់យើងដែលបានខិតខំរយះពេលកន្លងមកនេះក្នុងការបំពេញភារកិច្ចទប់ស្កាត់រាល់បទល្មើសនានា ដូចជាបញ្ហាគ្រឿងញៀន, បញ្ហាឆ្លងដែនខុសច្បាប់, រួមទាំងការយាមល្បាតថែរក្សាបង្គោលព្រំដែន ក៏ដូចជាការសហការគ្នាជាមួយនឹងក្រុមការងារបោះបង្គោលព្រំដែន បង្គោលបំពេញបន្ថែមក៏ដូចជាបង្គោលពករំដែនដែលយើងបានអនុវត្តកន្លងមកនេះដែលទទួលបានលទ្ធផលល្អ៕