នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ និងនាយកដ្ឋានផ្សព្វផ្សាយអប់រំ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ និងនាយកដ្ឋានផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គនាយករង ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប។
បន្ទាប់ពីស្ដាប់របាយការណ៍លទ្ធផលការងារ ឯកឧត្តម រដ្ឋលេខាធិការ បានកោតសរសើរចំពោះលទ្ធផលសម្រេចបានរបស់ស្ថានីយ និងនាយកដ្ឋាន ហើយបានសម្ដែងនូវការថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប ដើម្បីរួមគ្នាជំរុញឲ្យអគ្គនាយកដ្ឋានដំណើរការបានប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម បានណែនាំឱ្យស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ និងនាយកដ្ឋានផ្សព្វផ្សាយអប់រំ មានការសហការគ្នាក្នុងការអនុវត្តកិច្ចការងារ ដើម្បីធ្វើយ៉ាងណាកុំឱ្យការអនុវត្តកិច្ចការងារមានភាពជាន់គ្នា។
ឯកឧត្តម ក៏បានណែនាំបន្ថែមឱ្យមានការត្រួតពិនិត្យវឌ្ឍនភាពការងារឱ្យបានទៀងទាត់ និងបន្តរួមគ្នាអនុវត្តតួនាទីភារកិច្ចឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ៕