អភិបាលខេត្តកំពង់ចាម ណែនាំឲ្យពេទ្យប្រចាំការយោធភូមិភាគ២ មើលថែសុខភាពនាយទាហាន ពលទាហាន ខណៈអាកាសធាតុក្តៅខ្លាំង
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់គោលការណ៍ឲ្យពេទ្យប្រចាំ នៅតំបន់ប្រតិបត្តិការសឹករងនៃកងពលយោធភូមិភាគ២ បន្តយកចិត្តទុកដាក់ មើលថែពលទាហានក្នុងបន្ទាយឲ្យបានល្អ ជៀសវាងកុំឲ្យមានជម្ងឺ ដោយសារ តែរងផលប៉ះពាល់ ពីអាកាសធាតុក្តៅខ្លាំង ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះ ក្នុងពេលជួបសំណេះសំណាលជាមួយ នាយទាហាន ពលទាហាន នៃបញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ចាម និងបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅយោធភូមិភាពពីរ តំបន់ប្រតិបត្តិការសឹងរងកំពង់ចាម។
ក្នុងពិធីជួបសំណេះសំណាលនោះ ក៏មានការគោរពអញ្ជើញចូលរួម ដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត មេយោធភូមិភាគ២ កងរាជអាវុធហត្ថ លោក លោកស្រី ប្រធាន អនុប្រធាន តាមមន្ទីរអង្គភាពជុំវិញខេត្ត និងនាយទាហាន ពលទាហាន និងកងកម្លាំងរាជអាវុធហត្ថ ចំនួន ១៨០នាក់។
ឯកឧត្តមអភិបាលខេត្តបានយកឱកាសនោះធ្វើការណែនាំទៅដល់មេបញ្ជាការយោធភូមិ២ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ចាម បន្តសកម្មភាពមើលថែ នាយទាហាន ពលទាហាន ក្នុងប្រចាំក្នុងបន្ទាយទាហាន ត្រូវមានថ្នាំគ្រប់គ្រាន់សម្រាប់ផ្តល់ជូនទាហានដែលមានជំងឺ ជាពិសេស ស្ថិតក្នុងពេលប្រទេសកម្ពុជាកំពុងឡើងកម្តៅដោយអាកាសធាតុក្តៅខ្លាំង ត្រូវយកចិត្តទុកដាក់ ព្យាបាល ឲ្យបានទាន់ពេលវេលា ។
ឯកឧត្តមបានបន្តថា នៅពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរ ឈានចូលមកដល់ សុំឲ្យនាយទាហាន និងពលទាហាន ត្រូវមានការផ្លាស់ប្តូរវេនឈាមប្រចាំការក្នុងបន្ទាយទាហាន ដើម្បីបង្ការកុំឲ្យមានជនខិលខូចធ្វើសកម្មភាពផ្តេសផ្តាស់ ដែលនាំឲ្យរងផលប៉ះពាល់ដល់យោធភូមិ២ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម។
ឯកឧត្តម ក៏បានណែនាំទៅដល់នាយទាហាន និងពលទាហាន ចូលរួលរក្សាសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនៅពេលនោះ នឹងមានប្រជាពលរដ្ឋរាប់ម៉ឺននាក់មកលេងកំសាន្តនៅទីរួចខេត្តកំពង់ចាម តាមវត្តអារាម តំបន់ទេសចរណ៍នានា។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី នេះរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំសង្រ្កាន្តនៅមុខសាលាខេត្តរយៈពេល បួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី ១៦ខែ ខែមេសា ឆ្នាំ២០២៤ ៕